(ភ្នំពេញ)៖ លោកស្រីឧកញ៉ា កែវ មុំ សហគ្រិនស្រ្ដីជោគជ័យ និងជាម្ចាស់សហគ្រាសនំស្រួយលីលី បានលើកឡើងថា បច្ចុប្បន្ននេះការប្រឡូកក្នុងវិស័យជំនួញរបស់ស្រ្ដី មានការកើនឡើងគួរឲ្យកត់សំគាល់ ការកើនឡើងនេះ មកពីការចូលរួមចំណែកយ៉ាងធំធេងពីរាជរដ្ឋាភិបាលកម្ពុជា ដោយបានផ្ដល់ឱកាស និងការជំរុញលើកទឹកចិត្តស្រ្ដី ឲ្យមានភាពក្លាហានប្រឡូកក្នុងសង្គមដូចបុរស។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News លោកស្រីឧកញ៉ា កែវ មុំ ឲ្យដឹងថា «បច្ចុប្បន្ននេះការប្រឡូកក្នុងសង្គមរបស់ស្រ្ដីមិនមានភាពចង្អៀត ដូចពីមុនឡើយ ដោយសារតែមានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំជំរុញឲ្យស្រ្ដី និងបុរសមានសិទ្ធិស្មើគ្នាព្រមទាំងអាចធ្វើអ្វីៗបានដូចគ្នា ដោយមិនប្រកាន់ថាប្រុស ឬស្រ្ដីឡើយ»។
លោកស្រីឧកញ៉ាបន្ដថា និយាយទៅបញ្ហាប្រឈមតែងតែមានជានិច្ច លើការប្រឡូកក្នុងវិស័យអាជីវកម្មមិនថាបុរស ឬស្រ្ដីឡើយការប្រឈមមានដូចគ្នា ប៉ុន្ដែស្រ្ដីអាចមានបញ្ហាប្រឈមច្រើនជាបុរស។
ម្ចាស់អាជីវកម្មផលិតនំស្រួយលីលីរូបនេះបានឲ្យដឹងថា «ជាក់ស្ដែងសម្រាប់ខ្ញុំផ្ទាល់ ក្នុងនាមជាស្រ្ដីម្នាក់ ហើយឈានជើងប្រឡូក ក្នុងវិស័យជំនួញពិតជាពិបាក ព្រោះដោយសារតែយើងជាស្រ្ដីហើយមានវ័យក្មេងខ្ចី ហើយខ្វះខាតផ្នែកហិរញ្ញវត្ថុ និងខ្វះខាតនូវចំណេះដឹងបច្ចេកទេសផ្សេងៗផងដែរ»។
លោកស្រីបន្ដថា ការឈានចូលក្នុងវិស័យនេះ ក៏មានការលើកទឹកចិត្តពីក្រុមគ្រួសារ ព្រមទាំងមានការជំរុញ និងផ្ដល់តម្លៃយ៉ាងពេញលេញក្នុងសង្គម។ ការជំរុញទាំងអស់នេះហើយ ដែលធ្វើឲ្យអាជីវកម្មនំស្រួយលីលី គ្រប់គ្រងដោយស្រ្ដីទទួលបានជោគជ័យ និងមានភាពល្បីល្បាញដូចពេលបច្ចុប្បន្ននេះ។
លោកស្រីបន្ដថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែលើកទឹកចិត្ត និងគាំទ្រដល់ស្រ្ដីធ្វើឲ្យស្រ្ដីដែលជាមេផ្ទះម្នាក់ ឬស្រ្ដីមានអាជីវកម្មតូចក្នុងដៃ អាចឈានជើងប្រឡូកក្នុងវិស័យសង្គម និងពង្រីកអាជីវកម្មរបស់ខ្លួនពីតូចទៅមធ្យម ពីមធ្យមទៅធំ និងទទួលបានជោគជ័យ។ ទាំងនេះជាការរួមចំណែកជួយដល់ស្រ្ដី ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនបានច្រើន ពិសេសមានជំនឿជឿជាក់លើខ្លួនឯង»។
លោកស្រីបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា សហគ្រាសធុនតូច និងមធ្យមមានចំនួនជាង៥០ម៉ឺនសហគ្រាស ក្នុងនោះជាង៣០ម៉ឺនសហគ្រាស ត្រូវបានគ្រប់គ្រងដោយស្ត្រី៕