(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំទិវានារីអន្ដរជាតិ៨មីនា ក្រោមប្រធានបទ «ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការអភិវឌ្ឍធនធានមនុស្ស» ក្រោមការចូលរួមពីលោក ជា ជាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងមន្រ្ដីធនាគារជាតិជាច្រើនរូបទៀតផង។
ថ្លែងក្នុងកម្មវិធីអបអរសារទរ ខួបអនុស្សាវរីយ៍លើកទី១០៨ នៃទិវានារីអន្ដរជាតិ៨មីនា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ លោក ជា ចាន់តូ ឲ្យដឹងថា «ស្រ្តីបម្រើការងារក្នុងធនាគារជាតិនៃកម្ពុជា ភាគច្រើនទទួលខុសត្រូវលើការងារ និងគ្រប់គ្រងការងារជំនាញបច្ចេកទេស និងការងារប្រតិបត្តិការជាដើម»។
លោកអគ្គទេសាភិបាល បានបង្ហាញឱ្យឃើញអំពីសមត្ថភាពនៃស្រ្ដី លើវិស័យធនាគារជាតិ និងជឿជាក់ចំពោះការបំពេញតួនាទីភារកិច្ច របស់ស្រ្ដីគ្រប់លំដាប់ថ្នាក់នៃការគ្រប់គ្រងធនាគារ។
សូមបញ្ជាក់ថា ទិវានារីអន្តរជាតិ ឬ International Women’s Day ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៨ ខែមីនា ជារៀងរាល់ឆ្នាំ។ ទិវានេះត្រូវបានចាត់ទុកថា ជាថ្ងៃដ៏មានសារៈសំខាន់ដែលបានបង្ហាញពី ប្រវត្តិដ៏អង់អាចរបស់ស្ត្រីនៅលើពិភពលោក។
ទិវានារីអន្តរជាតិ៨មីនា ត្រូវបានប្រារព្ធឡើងនៅទូទាំងសកលលោក ដើម្បីរំឭកពីប្រវត្តិនៃការតស៊ូ និងវីរភាពរបស់នារីដែលបានខិតខំតស៊ូទាមទារនូវសមធម៌ ការគោរពសិទ្ធិសេរីភាពស្មើគ្នាចំពោះមុខច្បាប់ និងការទទួលស្គាល់តម្លៃស្រ្តីក្នុងការអភិវឌ្ឍគ្រួសារ និងជាពិសេសដើម្បីអបអរសាទរសមិទ្ធផលផ្នែកសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ ដែលនារីបានរួមចំណែកកសាង និងអភិវឌ្ឍជូនប្រទេសជាតិមាតុភូមិ។
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា តែងតែប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីបុគ្គលិកជានារីនៅធនាគារជាតិនៃកម្ពុជា ដែលបានរួមចំណែកកសាង និងអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់៕