(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាស្រី្តកូនខ្ចី ចាស់ជរា និងគ្មានទីពឹង ពោលជាជនងាយរងគ្រោះ ចំនួន៤០គ្រួសារ មកពីតាមបណ្ដាភូមិ ចំនួន៤ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ បានទទួលអំណោយគ្រឿងឧបភោគបរិភោគ និងថវិកា ក្នុងការដោះស្រាយក្នុងជីវភាព ពីប្រតិភូប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដែលដឹកនាំដោយលោក ស៊ូ សោគន្ធ ក្រោមអធិបតីភាពលោក ជា ពិសី អភិបាលខណ្ឌ។
លោក ជា ពិសី បានថ្លែងថា សម្រាប់ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដែលបាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកា មកឧបត្ថុម្ភជូននាពេលនេះ គឺតំណាងឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ហើយសម្រាប់ចែកជូនចំពោះតែ ប្រជាពលរដ្ឋក្រីក្រប៉ុណ្ណោះ ដូចជាជនគ្មានទីពឹង ជនចាស់ជរា អ្នកកើតជំងឺរ៉ាំរៃ ពោលគឺជាជនងាយរងគ្រោះ។
លោកអភិបាលខណ្ឌឬស្សីកែវបន្តថា ក្រៅពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ជាតំណាងជានិច្ចជាកាលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែផ្ដាំផ្ញើសាកសួរសុខទុក ចំពោះបងប្អូនប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់ពូជសាស ពណ៍សម្បុរ ឫនិន្នាការនយោបាយឡើយ តាមរយៈអាជ្ញាធរខណ្ឌ រហូតមកដល់សង្កាត់ និងភូមិ ពីព្រោះសុខទុករបស់ប្រជាពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់លោកទាំងទ្វេ៕