(ភ្នំពេញ)៖ ស្របនឹងឱកាសទិវាអន្តរជាតិនាទី ៨មីនា ឆ្នាំ២០១៩ ចូលមកដល់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវ និងជំរុញលើកទឹកចិត្ដដល់ស្ដ្រីទូទាំងប្រទេស ត្រូវហ៊ានក្រោកឈរឡើង ពង្រឹងសមត្ថភាពខ្លួន កុំពឹងតែលើបុរស ជាប្ដីទាំងស្រុង ដែលអាចធ្វើឲ្យជះផលអាក្រក់មកលើខ្លួន និងគ្រួសារ។ ទន្ទឹមនឹងនេះ សម្តេចបានអំពាវនាវឱ្យស្ដ្រីខ្មែរហ៊ានលាតត្រដាង ចំពោះជនដែលបំពានលើខ្លួន ទោះអ្នកនោះពាក់ផ្កាយ ឬលោកខែក៏ដោយ។
ការថ្លែងដូច្នេះរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងផ្ដល់អាហារដល់កុមារ យុវនារី នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងថា៖ «បើសិនជាមានករណីរំលោភបំពានផ្លូវភេទ កើតឡើងនៅក្នុងគ្រួសារមកលើយើង ម្ដាយ ឬកូនយើងក្ដី ក្នុងនាមយើងជាស្ដ្រី ត្រូវតែក្រោកឈរឡើង ពង្រឹងគោលជំហរ និងសមត្ថភាព ហ៊ានលាងត្រដាងការពិត ដើម្បីការពារក្រុមគ្រួសារយើង កុំខ្លាចអំណាចប្ដីចរិកពាលឲ្យសោះ។ ពិសេស យើងត្រូវប្រកាន់ជំហរខ្លួនឯងថា កុំពឹងលើប្ដីទាំងស្រុងនោះ គឺត្រូវតែពង្រឹងសមត្ថភាពខ្លួន មានការងារធ្វើ មានប្រាក់ខែទើបជាការល្អ»។
ទន្ទឹមនឹងនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងកោតសរសើរចំពោះករណីស្រ្តីរងគ្រោះឈ្មោះ ស្រីពៅ មានអាយុ៣៥ឆ្នាំ មុខរបរជាអ្នកចម្រៀងប្រចាំភោជនីយដ្ឋានបឹងមាស ដែលត្រូវបានបុរសម្នាក់អួតខ្លួនឯង ជាមន្ត្រីយោធាផ្កាយ៣ ទះកំផ្លៀងនាង ពេលបបួលនាងចេញក្រៅតែនាងមិនព្រមទៅ ដែលនេះបង្ហាញថា គាត់មិនស្រេកឃ្លានលុយរបស់មនុស្សពាលនោះឡើយ មិនដូចអ្នកខ្លះឃើញលុយហ៊ានលះបង់គ្រប់យ៉ាង។
ជាងនេះទៅទៀត សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងទៀតថា ចំពោះមន្ដ្រីពាលមួយភាគតូច អាងខ្លួនមានលុយ អាងអំណាច បានធ្វើបាប និងមើលងាយតម្លៃស្ដ្រី បំផ្លាញទំនៀមទម្លាប់ប្រពៃណីខ្មែរដ៏ល្អផូរផង់ ដែលសង្គមស្អប់ខ្ពើម។ ដូច្នេះសូមអំពាវនាវដល់ក្មួយទាំងអស់ ទាំងកម្មការិនី សិល្បៈការិនី ត្រូហ៊ានក្រោកឈរលាតត្រដាង ទោះបីជាអ្នកនោះ មានបុណ្យស័ក្ដិប៉ុណ្ណាក៏ដោយ ទោះបីពាក់ផ្កាយ ឬពាក់លោកខែក៏ដោយ ក៏មិនអាចរួចខ្លួនឡើង ឱ្យតែយើងហ៊ានលាតត្រដាងនោះ ក្នុងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏សូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវតែចាប់ជនពាលទាំងនោះឱ្យបានផងដែរ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្ដាំផ្ញើដល់ស្ដ្រីគ្រប់រូបថា អ្វីក៏ដោយសំខាន់បំផុតនៅលើខ្លួនឯង ព្រោះកូនសោរនៅលើយើង បើយើងមិនយល់ព្រមជាមួយពួកជនពាលនោះទេ ក៏មានករណីអ្វីកើតឡើង។ ស្ដ្រីកម្ពុជាទាំងអស់ ត្រូវពង្រឹងសមត្ថភាព ចំណេះជំនាញ និងរក្សាខ្ជាប់នូវវប្បធម៌ប្រពៃណីរបស់ខ្មែរ យើងឱ្យបាន៕