(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានប្រកាសឲ្យប្រជាពលរដ្ឋជាម្ចាស់ក្បាលដី-ផ្ទះ រស់នៅតាមបណ្ដាភូមិនានា ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ​ទាំងអស់ ត្រូវត្រៀមឯកសារដើម្បីផ្ដល់​ភាពងាយស្រួលសម្រាប់មន្ត្រីជំនាញចុះបញ្ជី ក្នុងការផ្ដល់ប័ណ្ណកម្មសិទ្ធិជូន ដែលជាការគិតគូរយ៉ាងយកចិត្តទុកដាក់ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ឯកសាររដ្ឋបាលដែលកំណត់ឲ្យប្រជាពលរដ្ឋត្រៀមលក្ខណៈនោះរួមមាន ​សំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ឬឯកសារពាក់ព័ន្ធដ៍ទៃទៀត ដូចជាឯកសារ ទិញ-លក់ជាដើម។

លោក ជា ពិសី បានប្រកាសយ៉ាងដូច្នេះ នៅចំពោះមុខប្រជាពលរដ្ឋជាច្រើនគ្រួសារ និងលោក ប៉ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់រាជធានីភ្នំពេញ, លោក ប៊ុន ឡុង ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ខណ្ឌ និងលោក-លោកស្រីចៅសង្កាត់ ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ក្នុងពេលលោកតំណាងឲ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដើម្បីអញ្ជើញជាអធិបតីក្នុងពិធីប្រកាស តំបន់ធ្វើការវិនិឆ្ឆ័យ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ «ផ្ដល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ» ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ។

ថ្លែងនាឱកាសនោះ លោក ជា ពិសី បានគូសបញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំព្រួយបារម្មណ៍ឲ្យសោះ ក្នុងការចូលរួមផ្ដល់ឯកសារ ពាក់ព័ន្ធទាំងឡាយ​ជូនមន្ត្រីជំនាញ សម្រាប់ចុះបញ្ជីផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូន ដោយពុំមានបង់ថវិកាឡើយ»

លោកបានបន្ថែមថា បើសិនជាមានបញ្ហាណាមួយកើតឡើង ក្នុងយុទ្ធនាការនេះ អាចខលទូរស័ព្ទមកលោកបាន តែបើលោកមិនបានលើក ដោយសារជាប់រវល់ការងារសំខាន់ៗ ច្រើនអាចសរសេរសារ Comment ចូលតាមរយៈ Facebook ផ្លូវការរបស់លោក មានឈ្មោះ «ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ» ដើម្បីធ្វើការដោះស្រាយជូន ពីព្រោះលោកមិនមែនជាចៅហ្វាយខណ្ឌនោះទេ តែ​គឺជាអ្នកបម្រើបងប្អូនប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់​៕