(ភ្នំពេញ)៖ គម្រោងវិនិយោគបង្កើតរោងចក្រថ្មីៗចំនួន៥គម្រោងទៀត ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា អនុម័តឲ្យបើកដំណើរការវិនិយោគនៅកម្ពុជា សរុបទឹកប្រាក់ជិត៨០លានដុល្លារអាមេរិក បង្កើតការងារថ្មីរាប់ពាន់កន្លែងផងដែរ។
គេហទំព័រ Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ RENS MEDCARE (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្ររោងចក្រផលិតសម្ភារៈបរិក្ខាពេទ្យ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៨៧កន្លែង។
២៖ HUAYUE INTERNATIONAL PACKING TECHNOLOGY CO.,LTD. គម្រោងបង្កើតរោងចក្រផលិតផលផ្លាស្ទិក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២៣.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៧៦កន្លែង។
៣៖ ZHEJIANG HOME POINT FURNITURE CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២៣កន្លែង។
៤៖ TOMSON MERCHANDISE CO., LTD គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អ ធ្នើរលម្អជាលោហធាតុ និងសម្ភារៈបរិក្ខារលម្អសួន មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥០៤កន្លែង។
៥៖ HAWMAO (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតក្រដាស មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ១០.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង៕