(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការដំឡើងឋានៈ តែងតាំងមុខតំណែងមន្រ្តីរាជការ ត្រូវផ្អែកលើសមត្ថភាព ឥរិយាបទការងារ ភាពអំណត់ព្យាយាម តាមពាក្យស្លោក «កុំយកលុយទៅដូរប៉ុស្តិ៍ កុំយកប៉ុស្តិ៍ទៅរកលុយ»។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់យ៉ាងដូច្នេះថា៖ «ការដំឡើងឋានៈ តែងតាំងមុខតំណែង ដោយផ្អែកលើសមត្ថភាព ឥរិយាបទការងារ ភាពអំណត់ព្យាយាមតាមពាក្យស្លោក "កុំយកលុយទៅដូរប៉ុស្តិ៍ កុំយកប៉ុស្តិ៍ទៅរកលុយ" នោះគឺជាកត្តាកំណត់សំខាន់បំផុត ដើម្បីបង្កើតបាននូវតម្លាភាព សមធម៌ និងបរិយាកាសមួយ ដែលទឹកចិត្តដល់បុគ្គលិកមន្រ្តីទាំងអស់ឱ្យខិតខំបំពេញការងារ»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងការដាក់ចេញនូវការងារឆ្នាំថ្មីឆ្នាំ២០១៩ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ។
ក្រៅពីការរលឹកអំពីការតែងតាំងមន្រ្តី សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់មន្រ្តីទូតទាំងអស់របស់កម្ពុជា អំពីតួនាទីដ៏មានសារសំខាន់របស់ពួកគាត់។
សម្តេចបានថ្លែងថា៖ «នយោបាយការណ៍បរទេស គឺជាយុទ្ធសាស្រ្ត ហើយការទូតគឺជាមធ្យោបាយ និងជាវិធីសាស្រ្តលើកស្ទួយផលប្រយោជន៍ជាតិ ស្របតាមយុទ្ធសាស្រ្តនោះ ដូច្នេះការយកចិត្តទុកដាក់លើធនធានមនុស្ស អ្នកការទូត ដែលជាអ្នកអនុវត្តផ្ទាល់នូវនយោបាយការបរទេសរបស់រាជរដ្ឋាភិបាល គឺមានសារសំខាន់ខ្លាំងណាស់»៕