(កំពង់ស្ពឺ)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា ក្រសួងរ៉ែ មិនចង់ឱ្យវិនិយោគិន និងអាជីករ ដែលមកវិនិយោគជួបបញ្ហាផ្លូវច្បាប់ទេ តែក្រសួងជំនាញនេះ ចង់ឱ្យវិនិយោគិន និងអាជីវករ ក្នុងវិស័យរ៉ែ និងថាមពលទាំងអស់គោរពច្បាប់ឱ្យបានត្រឹមត្រូវ។ ការថ្លែងបែបនេះ របស់លោករដ្ឋមន្រ្តី បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួួយ អាជីវកររ៉ែ សំណង់ ទូទាំងខេត្តកំពង់ស្ពឺ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ប្រម៉ាណជាង២០០ក្រុមហ៊ុន។
លោក ស៊ុយ សែម បានសំណូមពរដល់អាជីវកររ៉ែសំណង់ទាំងអស់ ត្រូវពិនិត្យលើប្រតិបត្តិការរបស់ខ្លួន នូវរាល់សកម្មភាពមានដូចជា ការធ្វើដំណើរ ឬដឹកជញ្ជូនឆ្លងកាត់តំបន់ការពារដែលជាដីកម្មសិទ្ធឯកជន ឬកម្មសិទ្ធិរបស់រដ្ឋ ត្រូវមានការអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ឬម្ចាស់កម្មសិទ្ធិឱ្យបានត្រឹមត្រូវ ។
លោកក៏បានជំរុញឱ្យក្រុមហ៊ុនទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញកាតព្វកិច្ច និងលក្ខខណ្ឌនានាឱ្យបានម៉ត់ចត់ ហាមឃាត់ដាច់ខាតមិនឱ្យមានការធ្វើអាជីវកម្ម ក្នុងដំណាក់កាលស្វែងរុករក ការដឹករ៉ែចេញដោយមិនមានលិខិតអនុញ្ញាត ឬមិនទាន់បានបង់សួយសារ និងអនុវត្តកាតព្វកិច្ចហិរញ្ញវត្ថុនានា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ឬប្រតិបត្តិការរ៉ែក្រៅតំបន់ដែនអាជ្ញាបណ្ណបានកំណត់ ហើយក្រុមហ៊ុនត្រូវយកចិត្តទុកដាក់អនុវត្តកាតព្វកិច្ចឱ្យបានត្រឹមត្រូវ ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងបរិស្ថាន។
សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលនេះដែរ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអានរបាយការណ៍ស្វាគមន៍ និងជម្រាបជូនអង្គពិធីអំពីគោលបំណងសំខាន់នៃកិច្ចសំណេះសំណាល ដើម្បីធ្វើការរំលឹកអំពីលក្ខខ័ណមួយចំនួនរបស់ក្រសួងរ៉ែ និងថាមពល ដើម្បីពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕