(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវទិសដៅការងារចំនួន ២៤ចំណុច ដើម្បីឱ្យមន្ត្រីរាជការក្រោមឱវាទបន្តសហការគ្នាខិតខំប្រឹងប្រែងអនុវត្ត នៅឆ្នាំ២០១៩។
លោករដ្ឋមន្ត្រី អ៉ិត សំហេង បានផ្ដល់អនុសាសន៍ថា ឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ ត្រូវអនុវត្តការងារសំខាន់ៗចំនួន ២៤ចំណុច រួមមាន៖
១៖ បន្តខិតខំអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវអនុសាសន៍ណែនាំទាំង ១០ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីគាំពារ និងសម្រួលដល់បន្ទុកចំណាយ ក៏ដូចជាដោះស្រាយបញ្ហានានារបស់កម្មករនិយោជិត។
២៖ បន្តសិក្សាស្រាវជ្រាវលទ្ធភាពធ្វើវិសោធនកម្មច្បាប់ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសិទ្ធិ និងលក្ខខណ្ឌការងារ ស្របតាមតម្រូវការសង្គម-សេដ្ឋកិច្ច។
៣៖ ពង្រឹងគុណភាព និងប្រសិទ្ធភាពអធិការកិច្ចការងារ ដោយដាក់ឱ្យប្រើប្រាស់របាយការណ៍អធិការកិច្ចការងាររួម លើប្រព័ន្ធទិន្នន័យស្វ័យប្រវត្តិកម្មដែលអាចធ្វើការសំយោគ និងវាយតម្លៃលក្ខខណ្ឌការងារដោយស្វ័យប្រវត្តិ។
៤៖ កែសម្រួលវិធីសាស្ត្រចុះធ្វើអធិការកិច្ចការងារ ដោយផ្អែកលើកម្រិតហានិភ័យរបស់សហគ្រាស គ្រឹះស្ថាន និងកំណត់ការធ្វើអធិការកិច្ចការងារលើសហគ្រាស គ្រឹះស្ថាននាំចេញចំនួន ១លើក/ឆ្នាំ។
៥៖ ប្រកាសកំណត់លក្ខខណ្ឌការងារស្នូល ៣១ចំណុច និងលក្ខខណ្ឌការងារទូទៅ ៤១ចំណុច ដែលសហគ្រាស គ្រឹះស្ថានត្រូវអនុវត្ត។
៦៖ បន្តពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ ដោយបង្កើតឱ្យមានគ្រូបង្គោលលើវិស័យការងារយ៉ាងតិចចំនួន ៥០នាក់ និងធ្វើវិក្រឹត្យការដល់មន្ត្រីអធិការកិច្ចការងារយ៉ាងតិចចំនួន ៤៥០នាក់ ជាមួយនឹងការប្រឡងបញ្ជាក់សមត្ថភាពក្រោយពេលវគ្គវិក្រឹត្យការ។
៧៖ ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ ជាពិសេសអំពីសិទ្ធិការងារដល់ប្រតិភូបុគ្គលិក ប្រតិភូសហជីព ថ្នាក់ដឹកនាំសហជីពយ៉ាងតិចចំនួន ១,២០០នាក់ និងដល់បុគ្គលិករដ្ឋបាលនៃសហគ្រាស គ្រឹះស្ថានយ៉ាងតិចចំនួន ៧៥០នាក់។
៨៖ បន្តសហការជាមួយគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) គម្រោងបទដ្ឋានសង្គម និងការងារក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅទ្វីបអាស៊ី (GIZ, SLSG) នៅប្រទេសកម្ពុជា និងគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងជាសកលរបស់ស៊ុយអ៊ែត។
៩៖ បន្តទប់ស្កាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុត នៃកម្លាំងពលកម្មកុមារ និងការងារដោយបង្ខំ។
១០៖ បន្តខិតខំដោះស្រាយវិវាទការងារ ជូនដល់គ្រប់ភាគីពាក់ព័ន្ធឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដោយសិក្សាជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីបញ្ចូលការដោះស្រាយវិវាទបុគ្គលមួយចំនួន ជូនក្រុមប្រឹក្សាអាជ្ញាកណ្តាល ព្រមទាំងខិតខំទប់ស្កាត់ការធ្វើកូដកម្ម បាតុកម្មខុសច្បាប់ ដោយឈរលើគោលគារណ៍ច្បាប់ និងនីតិរដ្ឋ។
១១៖ ជំរុញប្រែក្លាយសហគ្រាស គ្រឹះស្ថានមួយជាសហគមន៍សុខសាន្តមួយរបស់កម្មករនិយោជិត ដែលពោរពេញដោយសមត្ថភាព ផលិតភាព ឥរិយាបថការងារ និងមនសិការវិជ្ជាជីវៈខ្ពស់។
១២៖ រៀបចំកញ្ចប់ស្តង់ដារបណ្តុះបណ្តាលផ្អែកលើសមត្ថភាព (CBT) ក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជាកម្រិត ១ ២ ៣ ៤ លើវិស័យអគ្គិសនី-អេឡិចត្រូនិក (២មុខរបរ-៣គុណវុឌ្ឍិ) មេកានិករថយន្ត (៤មុខរបរ-៦គុណវុឌ្ឍ) សំណង់ (៣មុខរបរ-៥គុណវុឌ្ឍ) និងវិស័យធរុកិច្ច-ព័ត៌មានវិទ្យា (១មុខរបរ-២គុណវុឌ្ឍ) សរុប១០មុខរប-១៦គុណវុឌ្ឍ។
១៣៖ បង្កើនចំនួនសិស្សទទួលបានសេវាអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើជំនាញអាទិភាព៖ វគ្គខ្លី (ក្រោម១ឆ្នាំ) យ៉ាងតិចចំនួន ២៧,០០០នាក់, រយៈពេលវែង សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១, ២, ៣ (CQF2,3,4) យ៉ាងតិចចំនួន ៤,០៥០នាក់ សញ្ញាបត្រជាន់ខ្ពស់-បរិញ្ញាបត្ររង បច្ចេកទេស-ឯកទេស (CQF5) យ៉ាងតិចចំនួន ៥,៥០០នាក់ និងសញ្ញាបត្របច្ចេកវិទ្យា ឬឯកទេសវិស្វករយ៉ាងតិចចំនួន ៦,០០០នាក់ ដែលនឹងកើនឡើង ២០% ជារៀងរាល់ឆ្នាំ។
១៤៖ រៀបចំយន្តការ និងកម្មវិធីបណ្តុះបណ្តាលជំនាញឡើងវិញ (Reskilling) និងយន្តការជាមួយដៃគូពាក់ព័ន្ធ ដើម្បីផ្តល់ឥណទានដល់សិក្ខាកាម សិស្ស និស្សិត ដែលបញ្ចប់វគ្គបណ្តុះបណ្តាល ដើម្បីបង្កើតមុខរបរខ្លួនឯង។
១៥៖ កែសម្រួលលិខិតបទដ្ឋាន ដែលផ្តល់ភាពស្មើគ្នារវាងកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង និងកាតព្វកិច្ចហ្វឹកហាត់ការងារ-កម្មសិក្សា និងពង្រឹងការហ្វឹកហ្វឺនកូនជាង និងកម្មសិក្សា និងបង្កើនការផ្សព្វផ្សាយអំពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។
១៦៖ ពង្រឹងការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងធ្វើសមាហរណកម្មកម្មវិធីការងារសមរម្យ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ និងកម្មវិធីរបស់ដៃគូអភិវឌ្ឍ។
១៧៖ បន្តលើកកម្ពស់ការផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព ដោយពង្រីកយន្តការ «វេទិកាការងារ» ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់កម្លាំងពលកម្ម ជាមួយបណ្តាប្រទេសដៃគូ ជាពិសេសបង្កើតសេវាគាំទ្រដល់ពលករទេសន្តប្រវេសន៍ខ្មែរ សំដៅធានាបាននូវការគាំពារពលករទេសន្តរប្រវេសន៍ខ្មែរ និងក្រុមគ្រួសារ។
១៨៖ បន្តពង្រីកការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងការរៀបចំ ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកសោធននិវត្តន៍ នៅឆ្នាំ២០១៩ ពង្រីកការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ពង្រីកការអនុវត្តប្រកាសអន្តរក្រសួងស្តីពី ការអនុវត្តការថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិត ជាស្រ្តីនៅពេលសម្រាលកូន។
១៩៖ បង្កើនការអប់រំ ការផលិតស្ព័តអប់រំ និងការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ដើម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ និងការដួលសន្លប់។
២០៖ បន្តការអនុវត្តផែនទីបង្ហាញផ្លូវ សម្រាប់អនុវត្តអនុសាសន៍របស់អង្គការ ILO ពាក់ព័ន្ធនឹងសេរីភាពអង្គការវិជ្ជាជីវៈ ដើម្បីជំរុញការលើកកម្ពស់ការអនុវត្តសេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា។
២១៖ ពង្រឹងសមត្ថភាពមន្ត្រី និងអង្គភាពក្នុងការផ្តល់សេវាសាធារណៈនានា ប្រកបដោយភាពទន់ភ្លន់ ក្រមសីលធម៌វិជ្ជាជីវៈ និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត ស្របតាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ។
២២៖ កសាងឱ្យបាននូវប្រព័ន្ធរដ្ឋបាល និងហិរញ្ញវត្ថុប្រកបដោយតម្លាភាព គណនេយ្យភាព និងការត្រួតពិនិត្យវាយតម្លៃមួយត្រឹមត្រូវ និងទៀងទាត់ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះក្នុងការអនុវត្តអភិក្រមទាំង៥ គឺ«ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនាកែទម្រង់ផ្ទៃក្នុងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
២៣៖ ជំរុញ និងលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ-វិស័យឯកជន (Public-Private Partnership) ភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ស្របតាមបាវចនា «បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
២៤៖ រៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តការងាររបស់គ្រប់អង្គភាពក្រោមឱវាទក្រសួង ដោយបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣៕