(ភ្នំពេញ)៖ ចំពោះមុខមន្រ្តីទូតជាច្រើន ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាសូមថ្លែងអំណរគុណដល់ប្រទេសទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រ ដើម្បីការស្តារ និងកសាងជាតិឡើងវិញកន្លងមក ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏កម្ពុជានឹងមិនប្តូរអធិបតេយ្យភាពរបស់ខ្លួន ជាមួយនឹងជំនួយណាជាដាច់ខាត។
មុននឹងបង្ហាញសារនយោបាយនេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះសមិទ្ធផលនានាដែលជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកក្រសួងការបរទេស នៅក្នុងការតស៊ូដើម្បីការពារផលប្រយោជន៍គោលរបស់ប្រទេសជាតិ និងប្រជាជនទាំងនៅក្នុងប្រទេស ទាំងលើឆាកអន្តរជាតិ។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលក្រសួងសម្រេចបាន ក្នុងការអនុវត្តការងារធំៗទាំង៥ ដែលក្រសួងបានដាក់ចេញកាលពីឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ពិតណាស់ការងារធំទី១ គឺការការពារផលប្រយោជន៍ជាតិ ជាពិសេសការពារឯករាជ្យ និងអធិបតេយ្យបានក្លាយជាអាទិភាពចម្បង ក្នុងការងារការទូតរបស់យើង ក្នុងបរិបទនៃការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ការដាក់សម្ពាធកៀបសង្កត់ យកឆន្ទៈប្រទេសធំមកបង្ខំឲ្យយើងទទួលយកគឺជាការគំរាមយ៉ាងធ្ងន់ធ្ងរដល់ ឯករាជ្យ អធិបតេយ្យភាព ក៏ដូចជាគំរាមដល់សន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិ»។
បន្ទាប់ពីលើកឡើងបែបនោះ សម្តេចក៏បានបញ្ជាក់ជំហរជាថ្មីយ៉ាងដូច្នេះថា៖ «កម្ពុជាអរគុណប្រទេស និងស្ថាប័នទាំងអស់ដែលបានជួយឧបត្ថម្ភគាំទ្រដោយស្មោះស្ម័គ្រ ការស្តារ និងកសាងជាតិឡើងវិញកន្លងមក ប៉ុន្តែយើងនឹងមិនប្តូរអធិបតេយ្យភាពរបស់យើងជាមួយនឹងជំនួយណាជាដាច់ខាត។ យើងត្រូវបន្តការពារនូវសិទ្ធិអធិបតេយ្យរបស់យើង ក្នុងការធ្វើសេចក្តីសម្រេចដោយឯករាជ្យ ដើម្បីការពារប្រយោជន៍គោលរបស់ជាតិយើង ការពារសន្តិភាព ភាពសុខសាន្តរបស់ ប្រជាជនប្រឆាំងតបនឹងរាល់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីឆន្ទៈ និងការគាំទ្ររបស់ប្រជាជនភាគច្រើនលើសលុប»។
សម្តេចនាយករដ្ឋមន្រ្តី បានបន្តទៀតថា នៅចំពោះមុខសភាពការណ៍តំបន់ និងពិភពលោកដែលកំពុងវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញមិនអាចប៉ាន់ស្មានបាន និងប្រកបដោយគ្រោះថ្នាក់នោះ ការកាច់ចង្កូតនាវាកម្ពុជា ទាមទារការថ្លឹងថ្លែង និងការប្រុងប្រយ័ត្នខ្ពស់។ ត្រង់នេះហើយ ដែលការអនុវត្តនូវនយោបាយការបរទេសប្រកបដោយភាពបត់បែន វាងវៃតបទៅនឹងការប្រែប្រួល និងសម្ពាធភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែង ដ៏តានតឹងរបស់មហាអំណាចនានានោះ មានសារៈសំខាន់បំផុតដើម្បីរក្សាឲ្យបាននូវលក្ខខណ្ឌចាំបាច់នានាសំដៅការពារសន្តិភាព ស្ថិរភាពដំណើរអភិវឌ្ឍន៍ប្រទេសជាតិ ដោយឈរលើគោលការណ៍អព្យាក្រឹត្យអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ៕