(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ និងលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ បានអញ្ជើញរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស»។
ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗ ក្នុងការទាមទារសិទ្ធិសេរីភាព និងគេចផុតពីទង្វើជិះជាន់នានា។ សម្រាប់នៅកម្ពុជាមិនថាតែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត។ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផងបានកើតមានជាថ្មីក្រោយ របបដ៏យង់ឃ្នងរបស់ «ប៉ុល ពត» ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃរំដោះរហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។
ជាមួយគ្នានឹងការរៀបចំពិធីនៅថ្ងៃនេះប្រធាន និងអគ្គព្រះរាជអាជ្ញា បានបង្ហាញនូវការសប្បាយរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមអបអរសាទរ ខួបលើកទី១០៨ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ នាពេលនេះផងដែរ។
មុននឹងបញ្ចប់ប្រធានសាលាឧទ្ធរណ៍ និងលោកអគ្គព្រះរាជអាជ្ញា បានអញ្ជើញជូនបាច់ផ្កាដល់ភរិយា និងថ្នាក់ដឹកនាំជានារី និងមន្រ្តីជានារី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំនេះ និងបានជូនវត្ថុអនុស្សាវរីយ៍ ក្នុងភាពស្និតស្នាល នៅក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ជូនដល់មន្រ្តីរាជការជានារី និងបុរស ដែលបម្រើការនៅអគ្គលេខាធិការដ្ឋាន រដ្ឋបាលសាលាឧទ្ធរណ៌ទាំងអស់ផងដែរ៕