(ព្រះសីហនុ)៖ នៅថ្ងៃទី៧​ ខែមីនា​ ឆ្នាំ២០១៩​ អភិបាលខេត្តព្រះសីហនុ​លោក យន្ត​ មីន​ បានទៅមើលទីតាំងវារីវប្បកម្ម (កន្លែងចិញ្ចឹមបង្គា​ ក្ដាម) ​របស់ក្រុមហ៊ុន ហេងហេង អភិវឌ្ឍន៍ ស្ថិតក្នុងឃុំ​អូរឧកញ៉ាហេង​ និង​ឃុំបឹងតាព្រហ្ម​ ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ​។

លោក យន្ត មីន បានបង្ហាញជំហរលើកទឹកចិត្ដ និងគាំទ្រចំពោះវិស័យឯកជន​ ក្នុងការបង្កើតកសិដ្ឋានចិញ្ចឹមបង្គារ ក្តាម តាមលក្ខណៈបច្ចេកទេសកសិកម្មទំនើបក្នុងមូលដ្ឋានខេត្តព្រះសីហនុ គ្រាដែលតម្រូវការនៅខេត្តព្រះសីហនុ កំពុងមានការកើនឡើងស្របពេលដែលខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

ទន្ទឹមនេះលោក យន្ត មីន បានផ្តល់អនុសាសន៍ដល់កសិករក្នុងស្រុក ពិសេសប្រជាជនដែលមានដីស្រែនៅតំបន់នេះគួរចាប់អារម្មណ៍អារម្មណ៍ពីការចិញ្ចឹមបង្គារ ក្តាមតាមបច្ចេកទេសកសិកម្មនេះ ដើម្បីកែប្រែជីវភាពអោយកាន់តែប្រសើរ។

លោក​ នេន​ ចំរើន​ ប្រធានមន្ទីរកសិកម្ម​ ខេត្តព្រះសីហនុ​​ បង្ហាញមោទនភាព​ បន្ទាប់ពីបានទាក់ទងក្រុមហ៊ុន​ ហេង​ ហេង​ មកចិញ្ចឹមបង្គា​ ក្ដាម​ ក្នុងតំបន់នេះ។ លោកបញ្ជាក់ថា ទីនេះមានអំណោយផលសម្រាប់ការចិញ្ចឹមបង្គាក្រាម(មច្ឆាសមុទ្រ)។ លោកចង់ឃើញកសិករដែលមានដីស្រែនៅតំបន់នេះ គួរងារមកចិញ្ចឹមបង្គារក្តាមសមុទ្រវិញ ប្រសើរជាងគ្រាដែលតម្រូវការទីផ្សារកើនឡើងខ្ពស់។

លោក ស៊ិន សត្ថា អ្នកគ្រប់គ្រប់ក្រុមហ៊ុន​ ហេង​ ហេង​ អភិវឌ្ឍន៍ ឲ្យដឹងថា កន្លងមកបើទោះជាមានការខាតបង់ខ្លះក្តីតែលោកនៅតែមានជំហរច្បាស់លាស់នឹងខិតខំគ្រប់មធ្យោបាយដើម្បីចិញ្ចឹមបង្គា ក្ដាមសំរាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក​។ លោក​ សត្ថា បញ្ជាក់ថា​ ការប្រមូលផលលើកទីមួយនេះ​ ទទួលបានជាង៤តោន បន្ទាប់ពីទំលាក់កូនបង្គា​អស់៧លានកូន​៕ ​