(ភ្នំពេញ)៖ ថ្លែងនៅចំពោះមុខស្ត្រីជាប់ឃុំនៅមណ្ឌលអប់រំកែប្រែ (ម២) រាប់រយនាក់ លោកមេធាវី គី តិច ប្រធានមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានលើកឡើងថា ការបង្កើតក្រុមមេធាវីស្ម័គ្រចិត្តនេះឡើង គឺសម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានគិតយ៉ាងល្អិតល្អន់ក្នុងកិច្ចការជួយដល់ស្ត្រីដែលមានជីវភាពក្រីក្រ ជាពិសេសដែលមិនមានសិទ្ធិពេញលេញ ពុំមានការការពារសិទ្ធិរបស់គាត់តាមផ្លូវច្បាប់ ទាំងទណ្ឌិតដែលនៅក្នុងពន្ធនាគារ ទាំងជនត្រូវចោទដែលបានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ទាំងនៅខាងក្រៅដែលពុំមានការទទួល ការការពារតាមផ្លូវច្បាប់ ដោយមិនគិតថ្លៃសេវា។

ការលើកឡើងបែបនេះរបស់លោកមេធាវី គី តិច បានធ្វើឡើងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកមេធាវី រួមជាមួយលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោក កែវ រ៉េមី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះជួបសំណេះសំណាលជាមួយនារីជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែ (ម២) រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះដែរ ប្រធានមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានថ្លែងថា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នឹងព្យាយាមធ្វើយ៉ាងណា ការពារកូនក្តីរបស់ខ្លួនដែលជាស្ត្រីរងគ្រោះ ការរំលោភលើការរំលោភបំពាននានា ដែលពុំមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីជួលមេធាវីឯកជនមកការពាររឿងក្តីរបស់ខ្លួនឱ្យអស់ពីសមត្ថភាព និងផ្តល់ការប្រឹក្សាផ្នែកច្បាប់ដោយមិនគិតថ្លៃសេវាមេធាវី នៅទូទាំប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះលោកមេធាវី គី តិច បានបន្តថា ដូច្នេះហើយសូមស្ត្រីគ្រប់រូបនៅជាប់ក្នុងមណ្ឌលអប់រំកែប្រែ (ម២) និងមណ្ឌលផ្សេងៗទៀត នៅទូទាំងប្រទេសកម្ពុជា មេត្តាកែខ្លួន គោរពវិន័យ និងព្យាយាមអនុវត្តទោសរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់ ដើម្បីឆាប់ចេញទៅវិញធ្វើជាម្តាយល្អ ប្រពន្ធល្អ កូនល្អ សម្រាប់សង្គមជាតិកម្ពុជា ដែលមានការរីកចម្រើនលើគ្រប់វិស័យផងដែរ។ ដូច្នេះហើយសម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅក្នុងវេទិការ ជាមួយក្រសួងកិច្ចការនារី គឺសម្តេចបានគិតគូរ គឺចង់បង្កើតក្រុមមេធាវីរបស់សម្តេចមួយ ដើម្បីទទួលបន្ទុកជួយសម្តេចក្នុងការជួយទៅដល់ស្ត្រីជាជនក្រីក្រ ដែលមិនមានលទ្ធភាពជួលមេធាវី មកការពារខ្លួន។

លោកមេធាវី គី តិច បានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន មានមោទនភាព និងផ្តល់ភាពជឿជាក់ខ្លាំងណាស់ចំពោះក្រុមមេធាវី ដោយសម្តេចបានលើកជាប្រសាសន៍ច្រើនដង និងគោលបំណងសំខាន់សម្រាប់ជួយដល់បងប្អូនស្រ្តីដែលមានជីវភាពក្រីក្រ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់អំពីបំណងរបស់សម្តេច ក្នុងការបង្កើត «ក្រុមមេធាវីការពារក្តី» ដែលស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សម្តេច ដើម្បីជួយដល់ជនរងគ្រោះជាស្ត្រីក្រីក្រ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ដើម្បីជួយស្រ្តីរងគ្រោះទន់ខ្សោយឱ្យកាន់តែមានប្រសិទ្ធភាព សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងពិចារណាក្នុងការបង្កើត «ក្រុមមេធាវីការពាក្តី» ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់សម្តេចតេជោ ដើម្បីជួយដល់ជនរងគ្រោះដែលជាស្រ្តីក្រីក្រ»