(ភ្នំពេញ)៖ និស្សិតប្រមាណ ២០០នាក់ បានចូលរួមក្នុងសិក្ខាសាលាស្តីអំពី ការងារក្នុងមុខជំនាញវិស្វករ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) ក្នុងគោលបំណងបង្ហាញនូវការវិវត្តន៍ នៃវិស័យឯកជនលក្ខណៈការ ងាររបស់ក្រុមហ៊ុននានា នៅក្នុងសភាពាណិជ្ជកម្មអ៊ឺរ៉ុប លើឪកាសការងារ និងកម្មសិក្សាបន្ថែមទៀតផងដែរ។

សិក្ខាសាលានេះដែរ បានធ្វើឡើងកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ដោយសហការណ៏រៀបចំឡើង ដោយសភាពាណិជ្ជកម្មអ៊ឺរ៉ុប(EuroCham) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្រោមការផ្តួចផ្តើមរបស់ទីភ្នាក់ងារ ឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF)ផងដែរ។

លោកសាស្ត្រាចារ្យ សយ ទី នាយកការិយាល័យសិក្សា នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានផ្តាំផ្ញើរឲ្យនិស្សិតថា «ត្រូវក្តាប់ឲ្យបាននូវឱកាសដ៏ល្អនេះ និងស្វែងយល់អំពីក្រុមហ៊ុន ក៏ដូចជារៀនសូត្រអំពីបទពិសោធន៍របស់រៀមច្បងដើម្បីធ្វើជាទុនក្នុងការប្រឡូកចូលក្នុងទីផ្សារការងារនាពេលខាងមុខ»។

លោក Djamel ELAKRA ប្រធានគណៈកម្មការធនធានមនុស្សនៃសភាពាណិជ្ជ កម្មអ៊ឺរ៉ុប ក៏បានលើកឡើងផងដែរថា គោលបំណងនៃកិច្ចសហប្រតិការរវាងសភាពាណិជ្ជកម្ម អ៊ឺរ៉ុបជាមួយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF) ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការផ្លាស់ប្តូររវាងមជ្ឈដ្ឋានអប់រំ និងវិស័យសង្គមសេដ្ឋកិច្ច ដើម្បីបង្ហាញពីតម្រូវការរបស់ទីផ្សារការងារ និងការចែករំលែកបទពិសោធន៍ការងារ នៃបុគ្គលិកឆ្នើម និងសហគ្រិននានាក្នុងការតម្រង់ទិសក៏ដូចជាផ្តល់វិធីសាស្ត្រក្នុងការស្វែងរកការងារដល់និស្សិតដែលនឹងបញ្ចប់ការសិក្សានាពេលខាងមុខ។

ក្នុងពិធីនេះដែរ ក៏មានវាគ្មិនជាតំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញជាបន្តបន្ទាប់អំពីលក្ខ័ណ្ឌការងារ ចរិតលក្ខណៈរបស់បេក្ខជន និងបង្ហាញនូវឱកាសការងារ និងកម្មសិក្សាសម្រាប់ប្អូនៗដែលចង់ធ្វើកម្មសិក្សា និងបម្រើការងារនៅក្នុងក្រុមហ៊ុនរបស់ខ្លួននាពេលអនាគត។

លោក អូត ចាន់ឌី នាយផ្នែកផលិតកម្ម នៃក្រុមហ៊ុនកូកាកូឡាបានផ្តាំផ្ញើរដល់ប្អូននិស្សិតថា «ក្រៅពីសិក្សាជំនាញឯកទេស ប្អូនៗត្រូវចេះជំនាញទន់ (Soft Skill) បន្ថែមទៀតទើបទទួលបានឱកាសកាន់ តែប្រសើរ និងមានការវិវត្តន៍ល្អក្នុងការងាររបស់ខ្លួនផងដែរ»

លោកក៏បានលើកទឹកចិត្តថា នារីឲ្យសិក្សាគ្រប់មុខជំនាញ មិនមានជំនាញណាមួយសម្រាប់តែបុរស និងសម្រាប់តែស្ត្រីនោះទេ យ៉ាងណាមិញនៅក្រុមហ៊ុនកូកាកូឡា ដែលមានស្ត្រីបម្រើការងាររហូតដល់២៩% មានមុខនាទីនៅគ្រប់ផ្នែករាប់ទាំងអ្នកបើកបរយានយន្តលើកដាក់ រថយន្តធំៗ ហើយលោកក៏បានឲ្យដឹងថា ក្រុមហ៊ុនក៏ត្រូវការបុគ្គលិកស្ត្រីជាច្រើន ដើម្បីបម្រើការផ្នែកអគ្គិសនីផងដែរ។

ដោយឡែកលោកស្រី ថន ថាណារ៉ែន ប្រធានផ្នែកធនធានមនុស្សបានផ្តាំឲ្យនិស្សិតផងដែរថា ត្រូវចេះ ប្រើប្រាស់ស្មាតហ្វូនឲ្យមានប្រយោជន៍ក្នុងការស្វែងរកការងារផង និងបង្កើតបណ្តាញទំនាក់ទំនងជាមួយមនុស្សគ្រប់វ័យ ដើម្បីបង្កើនឱកាសដល់ខ្លួនឯង និងត្រូវចេះចាប់យកឱកាសល្អៗ។

លោក យ៉ង់ ធារិទ្ធ ជាអតីតនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន GBC Engineers បានរំលឹកជីវៈប្រវត្តិរបស់ខ្លួនដែលចាប់ផ្តើមពីនិស្សិតរហូតដល់បានបន្តការសិក្សា និងមានការងារដល់សព្វថ្ងៃ គឺចាប់ផ្តើមពីការកសាងសមត្ថភាព និងបទពិសោធន៍។ លោកក៏បានផ្តាំប្អូនៗជំនាន់ក្រោយឲ្យចេះរៀបចំគោលដៅកំណត់របស់ខ្លួនមុននឹងចូលធ្វើការ។

សូមបញ្ជាក់ផងដែរថា នេះជាលើកទី៨ហើយដែលEuro-Cham រៀបចំកម្មវិធីនេះឡើង ជាបន្តបន្ទាប់ក្រោយពីបានចុះអនុសារណៈជាដៃគូរវាងសភាពាណិជ្ជកម្ម និងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF)នាឆ្នាំ២០១៦ក្នុង គោលបំណងបង្កើននូវការផ្លាស់ប្តូររវាងវិស័យអប់រំបណ្តុះបណ្តាល និងវិស័យឯកជន បង្ហាញនូវទស្សនវិស័យរបស់និយោជកក្នុងការចូលរួមអភិវឌ្ឍន៍នូវការបណ្តុះបណ្តាលមួយដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ៕