(រតនគិរី)៖ ស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ យិន ចំណាន នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះ បានចុះសួរសុខទុក្ខ នាំអំណោយគ្រឿងបរិភោគ និងថវិកាមួយចំនួន ជូនវរការពារព្រំដែនលេខ៦២៣ និងលេខ២០៣។
ចូលរួមក្នុងពិធីនេះដែរមានលោក, លោកស្រីស្នងការរង, នាយការិយាល័យ, អធិការស្រុក-ក្រុងចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តរតនគិរីទាំងមូលផងដែរ។
ក្នុងពិធីខាងលើនេះ លោកវរសេនីយ៍ទោ បួនសេង សុពិសិដ្ឋ មេបញ្ជាការវរការពារព្រំដែនលេខ៦២៣ បានបង្ហាញជូនពីចំនួនកម្លាំងឈរជើងតាមប៉ុស្តិ៍នានា តាមខ្សែក្រវ៉ាត់ព្រំដែនជាមួយវៀតណាម ដោយបានអនុវត្តតាមបទបញ្ជាថ្នាក់លើ។
លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលជានិច្ចកាលលោកតែងតែនឹករលឹកកងកម្លាំងជានិច្ច។
លោកស្នងការបន្តថា ថ្ងៃនេះលោកបានមកទីនេះ គ្រាដែលលោកទើបកាន់តំណែងស្នងការខេត្តរតនគិរីថ្មី ដូច្នេះចុះមកជួបសំណាលឲ្យស្គាល់គ្នា ដើម្បីផ្សារភ្ជាប់មនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងលោក និងថ្នាក់ដឹកនាំ បាននាំគ្រឿងបរិភោគមានមី, ត្រីខ, អង្ករ និងថវិកាក្នុង១វរៈទទួលបាន២លានរៀល។
លោកស្នងការបន្ថែមថា ទោះអំណោយតិចតួចក្តី តែទឹកចិត្តរវាងថ្នាក់ដឹកនាំ និងកម្លាំងនគរបាលក្រោមវាទប្រៀបដូចសាច់ឈាមរួមសុខ, រួមទុក្ខជាមួយគ្នាគ្រប់កាលៈទេសៈ៕