(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាននៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះត្រួតពិនិត្យដោយផ្ទាល់ជាលើកទី២ នៅទីតាំងរោងចក្រសិប្បកម្មផលិតគ្រឿង ឧបភោគបរិភោគ មួយកន្លែង ដែលស្ថិតក្រោមស្លាកយីហោ មិន វៃ សៀន ធ្លាប់បានចុះពិនិត្យលើកទី១កន្លងមក ទាក់ទងនិងគុណភាព ក្នុងការផលិតស្តង់ដា នៃការផលិតគ្រឿង ឧបភោគបរិភោគ សរុបជាង ៤០មុខ។
ការចុះត្រួតពិនិត្យជាលើទី២នេះ បានធ្វើឡើងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅក្បែរ អាកាសយាន្តដ្ឋាន អន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា៖ នេះជាលើកទី២ហើយ នៃការចុះត្រួតពិនិត្យទីតាំងរោងចក្រសិប្បកម្មផលិតគ្រឿង ឧបភោគបរិភោគខាងលើនេះ ដោយលើកទី១ គឺដឹកនាំដោយលោកវរសេនីយឯក កឹម វិសាល ប្រធានក្រុមបង្គាប់ការ កម្លាំងពិសេស នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
ដោយនៅក្នុងការចុះត្រួតពិនិត្យជាលើកទី២នេះផងដែរ ម្ចាស់សិប្បកម្មខាងលើបាន បង្ហាញនូវទីតាំងជាច្រើន ដែលរួមមានបន្ទប់ពិសោធន៍ បន្ទប់រក្សាវត្ថុធាតុដើម បន្ទប់ម៉ាស៊ីនផលិត និងទីតាំងផលិតជាច្រើន ដែលប្រកបទៅដោយផាសុខភា នៅក្នុងរោងចក្រសិប្បកម្មផលិតគ្រឿង ឧបភោគបរិភោគខាងលើនេះផងដែរ។
បន្ទាប់ពីចុះត្រួតពិនិត្យលើកទី២នេះរួចរាល់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ឃើញថា រោងចក្រសិប្បកម្មផលិតគ្រឿង ឧបភោគបរិភោគ ស្ថិតក្រោមស្លាកយីហោ មិន វៃ សៀន ខាងលើនេះ បានកែប្រែផ្លាស់ប្តូរ និងប្រព្រឹត្តិបានយ៉ាងល្អទៅតាមច្បាប់ នៃស្តង់ដារ ដែលបានកំណត់ និងនៅលើសំបកវេចខ្ចប់មាន ច.ប.ផ និងសញ្ញា (CS) ត្រឹមត្រូវទៅតាមក្បួនខ្នាត មិនត្រឹមតែប៉ុណ្ណោះ រោងចក្រសិប្បកម្មផលិតគ្រឿង ឧបភោគបរិភោគខាងលើ ក៏បានបន្ថែមនូវប្រព័ន្ធការពារ សុវត្ថិភាពបុគ្គលិក ផាសុខភាព និងអនាម័យ នៅក្នុងរោងចក្របានយ៉ាងល្អ។
ម្ចាស់សិប្បកម្មបានបន្ថែមថាៈ ខាងយើងខ្ញុំមានឯកសារមានច្បាប់អនុញាតិត្រឹមត្រូវ និងផ្ដោត សំខាន់បញ្ជាក់ថា ផលិតផលយើងខ្ញុំជាផលិតផលដែលមានគុណភាពល្អ ពុំមានប៉ះពាល់ដល់សុខភាពឡើយ។
សូមបញ្ជាក់ថា ឧត្តមសេនីយ៏ឯក ជា ស្រេង ជាអ្នកចេះភាសាចិន និងជាអ្នករៀបចំឲ្យក្រុមហ៊ុននេះ បានមកនិវិយោត្រឹមត្រូវនៅកម្ពុជា សូមចូលរួមគាំទ្រនូវសិប្បកម្មក្នុងស្រុកយើងទាំងអស់គ្នា៕