(កំពង់ចាម)៖ ដោយមានការយកចិត្តទុកដាក់ និងទទួលបានការណែនាំពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមមិត្តនគរបាលនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ ទទួលផែននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់ឲ្យថ្នាក់ដឹកនាំនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី លៀង ស៊ាងអេង នាយផ្នែកគ្រប់គ្រង ជនល្មើស ដែលបានទទួលមរណភាព។
លោកវរសេនីយ៍ត្រី លៀង ស៊ាងអេង នាយផ្នែកគ្រប់គ្រង ជនល្មើស នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួល មរណភាព នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩។
ថ្នាក់ដឹកនាំនគរបាលព្រហ្មទណ្ឌទាំងអស់ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ បានចាត់ទុកថា មរណភាពរបស់លោកវរសេនីយ៍ត្រី លៀង ស៊ាងអេង គឺជាការបាត់បង់នូវបងប្អូនរួមអាជីពម្នាក់ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបំពេញការងារជាកងកម្លាំងនគរបាល ដែលលះបង់អស់កម្លាំងកាយចិត្ត ដើម្បីបម្រើជាតិ និងមាតុភូមិកម្ពុជារហូតសង្ខារលត់។
ក្នុងនាមថ្នាក់ដឹកនាំ កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ បានសម្ដែងនូវការចូលរួមមរណៈទុក្ខជាមួយក្រុមគ្រួសារសព និងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា សពត្រូវបានដង្ហែរទៅបញ្ចុះនៅភូមិបន្ទាយ ឃុំបារ៉ាយ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះ បន្ទាប់ពីបានដម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕