(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងផ្ដល់អាហារដល់ កុមារ យុវនារី នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទា យុវនារី អាហ្វេស៊ីប ទុំឌី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងប្រឆាំងដាច់ខាត ចំពោះអំពើពាលរបស់ឪពុក ឬជីតាទាំងឡាយណា ដែលបានចាប់កូន ចៅរបស់ខ្លួនរំលោភ ហើយគំរាមសម្លាប់ ដែលនេះជាទង្វើដែលអន់ជាងញាណសត្វឆ្កែទៅទៀត។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងបន្ដថា «សត្វឆ្កែ ពេលកូនខ្ចី (កើតកូន) វាចេះការពារកូនវា តែអាមនុស្សពាលមួយចំនួនវិញ (ឪពុក ឬជីតា...) ទៅជាឆ្គួតអន់ជាងសត្វទៅទៀត ទៅរំលោភ និងប៉ងសម្លាប់កូន ឬចៅខ្លួនទៅវិញ ពិតជាអន់ជាងញាណសត្វឆ្កែទៅទៀត។ ដូច្នេះសូមអំពាវនាវដល់ អាជ្ញាធរមានសមត្ថកិច្ច និងក្រសួងស្ថាប័នពាក់ព័ន្ធ មេត្ដាធ្វើយ៉ាងណា តាមចាប់ឲ្យបាន និងដាក់ទោសទណ្ឌដល់បុគ្គលដ៏អាក្រក់ព្រៃផ្សៃនោះ ឲ្យបានធ្ងន់ធ្ងរ កុំឱ្យមានឱកាសចេញមកប្រព្រឹត្ដ លើគ្រួសារ និងអ្នកដទៃទៀត» ។
ទន្ទឹមនឹងនោះ «សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ សូមយកចិត្ដទុកដាក់ខ្ពស់ទៅដល់ កុមារ ស្ដ្រី ដែលជនរងគ្រោះដោយអំពើរំលោភ និងគំរាមសម្លាប់ដ៏សែនវេទនានេះ, ជាក់ស្ដែងដូចជា ទារក កុមារ យុវនារី ដែលជាជនរងពីការរំលោភសម្លាប់ កេងប្រវ័ញ្ច និងជួញដូរផ្លូវភេទ ពីឪពុក ជីតា គ្រួសារ និងជនអាក្រក់មួយទៀត ដែលពេលនេះបានមកស្នាក់នៅ និងបណ្ដុះបណ្ដាល នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌីនេះផងដែរ»។
ក្នុងឱកាសនោះផងដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានលើកឡើងទាំងទឹកភ្នែក និងក្ដីអាណិតអាសូរ ខ្លោចចិត្ដថា «សូមកូនក្មួយ ខិតខំចាកចេញពីភពដ៏ខ្មៅងងឹតអួរអាប់នោះ ហើយដើរសំដៅទៅរកភាព ស្រស់បំព្រងនៅថ្ងៃអនាគត ជាមួយក្ដីស្រមៃល្អៗដែលកូនៗចង់បាន ម្ដាយនិងលើកចិត្ដ មិនឲ្យកូនក្មួយ ឯកានោះទេ ម្ដាយនឹងឧស្សាហ៍មកលេងកូនក្មួយនៅទីនេះ ឲ្យបានញឹកញាប់។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ថ្លែងបន្ដថា សូមកូនក្មួយត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ស្ដាប់បង្គាប់ ត្រូវតស៊ូព្យាយាមបន្ដទៀត ដោយរស់នៅជាមួយជីវិតថ្មី នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ដែលមានទស្សនវិស័យជួយដល់យុវនារី និងកុមារ រងគ្រោះ ឲ្យជាសះស្បើយ ផ្លូវកាយ ផ្លូវចិត្ដ និងផ្ដល់នូវការបណ្ដុះបណ្ដាល និងសមាហរណកម្មរបស់កូនក្មួយទៅក្នុងសង្គមជាតិវិញ។ ជាឱកាសមួយ ដែលកូនក្មួយ អាចសម្រេចក្ដីស្រមៃខ្លួន ដែលចង់ក្លាយជា ប៉ូលីស វិស្វករ ជាគ្រូបង្រៀន និងការងារផ្សេងៗទៀត ដែលបានប៉ងទុកនោះ ពិសេសកុំឱ្យជួបប្រទះរឿងអយុត្ដិធម៌ចឹងទៀត ហើយពេលធំឡើង ត្រូវកសាងគ្រួសារ ឲ្យបានល្អ កុំឲ្យជួបនូវពិភពងងឹតកាលពីក្មេងបែបនេះទៀត»។
សូមជម្រាបថា ក្នុងឱកាសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងផ្ដល់អាហារដល់ កុមារ យុវនារី នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទា យុវនារី អាហ្វេស៊ីប ទុំឌី នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ ក៏បានផ្ដល់នូវអំណោយជូនដល់មជ្ឈមណ្ឌលរួមមាន៖ អង្គរ ៣តោន មីយើង ៥០កេស ត្រីខ ៥កេស ឆៃប៉ូវផ្អែម ៥០គីឡូក្រាម ឆៃប៉ូវប្រៃ ៥០គីឡូក្រាម ត្រីងៀត ១៥គីឡូក្រាម សាច់ក្រក ១៥គីឡូក្រាម ទឹកស៊ីអ៊ីវ ៣០ដប ទឹកត្រី ៣០ដប ទឹកក្រូច ៣០កេស ទឹកបរិសុទ្ធ ៣០កេស ផ្លែក្រូចឃ្វិច ៥កេស ផ្លែទំពាំងបាយជូ៥កេស ផ្លែប៉ោម ៥កេស កង់ជិះ២៥គ្រឿង និងថវិកា១០លានរៀល ព្រមទាំងរៀបចំម្ហូបអាហារចំនួន១៧តុ។
សម្រាប់កុមារី យុវនារី ៨៩នាក់ ក្នុងម្នាក់ៗទទួលបាន អាវស សំពត់ ២កំប្លេ អាវយឺត អាវក្រណាត់ ២អាវ ខោយឺតជើងកំប៉ុង ២ខោ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ សៀវភៅ២ក្បាល ប៊ិច១ដើម និងថវិកា ១០ម៉ឺនរៀល។ គ្រូ បុគ្គលិក អ្នកស្ម័គ្រចិត្តចំនួន ៤៤នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ២០ម៉ឺនរៀល។
បន្ថែមពីលើនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភអង្ករ ១តោន ជារៀលរាល់ខែ និងថវិកាចំនួន១៥លានរៀល ក្នុងមួយឆមាស គិតចាប់ពីខែមករា ឆ្នាំ២០១៩តទៅ ។
ជាងនេះទៅទៀត កាកបាទក្រហមកម្ពុជា នឹងបន្ដជួយជុសអគារចំនួន៣ខ្នង ជូនដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទា យុវនារី អាហ្វេស៊ីប ទុំឌីនេះផងដែរ ។
គួររម្លឹកថា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ, ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជំរុញគ្រប់សកម្មភាពការងារនៃវិស័យស្នូល ដើម្បីប្រតិបត្តិការទៅដោយរលូន និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។
ក្នុងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត តែងតែយកចិត្ដទុក្ខដាក់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយទីកន្លែងណា មានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា៕