(ភ្នំពេញ)៖ គម្រោងរយៈពេល៣ឆ្នាំ (២០១៩-២០២១) ដែលទទួលបានការគាំទ្រពី EU ក្នុងថវិកាប្រមាណ១លានអឺរ៉ូ (ជាង១,១៣លានដុល្លារ) ត្រូវបានចុះ MoU នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ដើម្បីចាប់ផ្តើអនុវត្តក្នុងគោលបំណងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិនៅប្រទេសកម្ពុជា។
គម្រោង៣ឆ្នាំគឺ «ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា លើវិស័យរៀបចំក្រុងប្រកបដោយនិរន្តរភាព ដើម្បីរៀបចំឡើងវិញតំបន់អនាធិបតេយ្យ និងធានានូវលទ្ធភាពទទួល បានសេវាកម្មសំខាន់ៗសម្រាប់ជនក្រីក្រ»។
MoU ត្រូវបានចុះហត្ថលេខារវាងលោក ព្យែរ ប៊យ៉ៃ អគ្គលេខាធិការសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លោក ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត និងលោក សយ កុសល សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។
គម្រោងនឹងត្រូវអនុវត្តក្នុងភាពជាដៃគូសហការរវាង AIMF រដ្ឋបាលរាជធានីភ្នំពេញ សាលាក្រុងប៉ារីស សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត និងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។
គម្រោងនេះបានដៅលទ្ធផលរំពឹងទុកចំនួនបីគឺ៖ លទ្ធផលទី១៖ កែលំអជីវភាពរស់នៅរបស់សហគមន៍ នៅតាមដងប្រឡាយស្ទឹងមានជ័យ តាមរយៈការសម្របសម្រួលជាមួយរដ្ឋបាលនានា និងការលើកកម្ពស់សមត្ថភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការធ្វើផែនការនិងការគ្រប់គ្រងទីប្រជុំជន។ លទ្ធផលទី២៖ កែលំអការអនុវត្តច្បាប់ និងការសម្របសម្រួលរវាងរដ្ឋបាល នៅតាមថ្នាក់នានា ដោយប្រើប្រាស់លទ្ធផលនៃគំនិតផ្តួចផ្តើមសាកល្បងនានា និងតាមរយៈយុទ្ធសាស្រ្តសម្របសម្រួលមតិ។ លទ្ធផលទី៣៖ ពង្រឹងតួនាទីរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដើម្បីបំពេញបេសកកម្មរបស់ខ្លួន ក្នុងការសម្របសម្រួលមតិ ការកសាងសមត្ថភាពសមាជិក ការផ្លាស់ប្តូរបទពិសោធន៍និងការអនុវត្តល្អ៕