(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន បានថ្លែងថា រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់គិតគូរយ៉ាងខ្លាំង អំពីគោលនយោបាយគាំពារសង្គម ជាពិសេសសំដៅលើស្ត្រី និងកុមារ។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅក្នុងពិធីអបអរសាទរខួបលើកទី ១០៨ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៩ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម។
លោកអភិបាលខេត្តបានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្នគោលនយោបាយគាំពារសង្គម ត្រូវបានគិតគូរជាចម្បងទៅលើស្ត្រីនិងកុមារ ដែលកិច្ចការនេះរដ្ឋាភិបាល បានអនុវត្តរួចមកហើយក្នុងឆ្នាំ២០១៨ កន្លង ទៅពោលគឺស្ត្រីកម្មការនីមានផ្ទៃពោះ និងសម្រាលកូនសុទ្ធតែត្រូវបានទទួលថវិការបបគាំពារសង្គម ដែលក្នុងនោះស្ត្រីកម្មការិនី នៅក្នុងខេត្តកំពង់ចាម ឆ្នាំ២០១៨ កន្លងទៅនេះ ចំនួនជាង៤ ពាន់នាក់សុទ្ធតែបានទទួលប្រាក់ឧបត្ថម្ភគាំពារសង្គម នៅពេលដែលមានផ្ទៃពោះ និងសម្រាលកូន។
ជាមួយគ្នានោះ អភិបាលខេត្តបញ្ជាក់ថា ចំពោះស្ត្រីគ្រួសារក្រីក្រ សម្ដេចតេជោ និងផ្ដល់ប្រាក់របបគាំពារសង្គមដល់ពួកគាត់ផងដែរ ដែលចាប់ផ្តើមនៅពាក់កណ្ដាលឆ្នាំ២០១៩ខាងមុខនេះ ហើយដែលគោលនយោបាយគាំពារសង្គមនេះ នឹងត្រូវអនុវត្តក្នុងក្របខ័ណ្ឌទូទាំងប្រទេសតែម្តង ពោលចំពោះស្ត្រីក្រីក្ររបស់យើង គិតចាប់ពីពួកគាត់មានផ្ទៃពោះ៩ខែ ១០ថ្ងៃ រហូតដល់សម្រាល កូនបានអាយុ២ឆ្នាំ រាជរដ្ឋាភិបាល និងផ្ដល់ប្រាក់របបគាំពារសង្គមនូវថវិកាសរុបចំនួន៧៦ម៉ឺនរៀល៕