(រតនគិរី)៖ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» នេះគឺជាប្រធានបទដែលបានលើកឡើង ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ខួបអនុស្សាវរីយ៍លើកទី ១០៨ ឆ្នាំ២០១៩ ដែលត្រូវបានស្នងការនគរបាលរតនគិ រីប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការខេត្តរតនគិរី។
ទិវានេះមានការអញ្ចើញចូលរួមពីសំណាក់លោក, លោកស្រីស្នងការរង, នាយការិយាល័យ, អធិការក្រុង, ស្រុក, លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនទាំង២។ ក្នុងទិវាខាងលើនេះ លោកស្រីឧត្តមសេនីយ៍ត្រី កែវ ដាវី ស្នងការរងទទួលផែនយេនឌ័រ បានគូសបញ្ជាក់ឲ្យដឹងថា ស្នងការដ្ឋានតែងតែប្រារព្ធទិវាអន្តរជាតិសិទ្ធនារី ៨មីនា ជារៀងរាល់ឆ្នាំហើយក្នុងអង្គភាពមានស្ត្រី ជាមន្ត្រីនគរបាលសរុប៦៣នាក់, មានតួនាទី២៣នាក់។
ថ្លែងទៅកាន់អង្គពិធីទាំងមូលលោកឧត្តមសេនីយ៍ទោ យិន ចំណាន បានសម្ដែងនូវការគាំទ្រទាំងស្រុងនូវប្រធានបទ លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធាន
មនុស្សដែលក្រសួងកិច្ចការនារីបានដាក់ចេញក្នុងឆ្នាំ២០១៩ ក្នុងគោលបំណងរំលេចពីតម្លៃ នៃសន្តិភាពនិងការលើកកម្ពស់សមភាពយេនឌ័រ ដែលរាជរដ្ឋាភិបាលបាន និងកំពុងគាំទ្រជំរុញឲ្យមានការ ចូលរួមពីគ្រប់ស្ថាប័នរួមទាំងបុរសទាំងស្រ្តី ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាព។
លោកស្នងការបានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេចតែងតែយកចិត្តទុកដាក់បង្កើតឡើងនូវគោលនយោបាយ និងយុទ្ធសាស្រ្តជាតិជាក់លាក់ ក្នុងការលើកកម្ពស់សមភាព សមធម៌យេនឌ័រ និងការអភិវឌ្ឍន៍ធនធានមនុស្សនៅគ្រប់ក្រសួង-ស្ថាប័ន ដែលធនធានទាំងនោះ បាននិងកំពុងខិតខំយកចិត្តទុកដាក់ សហការអនុវត្ត តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងយុវវ័យ ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចជាតិ ការរក្សានូវសន្តិសុខ ស្ថេរភាពនយោបាយ និងសន្តិសុខសង្គម។
មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលបាននឹងកំពុងគាំទ្រដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីគណៈកម្មាធិការជាតិលើកម្ពស់សីលធម៌សង្គមតម្លៃស្រ្តី និងគ្រួសារខ្មែរ ក្នុងការអនុវត្តគោលនយោបាយ លើកកម្ពស់ ស្ថាភាពជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ព្រមទាំងលើកកម្ពស់ សីលធម៌សង្គម តម្លៃស្ត្រីនិងគ្រួសារខ្មែរ។ លោកមានជំនឿថា ស្រ្តីកម្ពុជាពិតជាទទួលបាននូវការគាំទ្រ ការការពារផ្លូវច្បាប់ការលើក កម្ពស់ស្ថានភាព ឋានៈតួនាទី សិទ្ធិអំណាចបានល្អប្រសើរ។
ជាក់ស្ដែងខេត្តរតនគិរី យើងមានស្ត្រីជាថ្នាក់ដឹកនាំគ្រប់កំរិតរួមមាន៖ ស្នងការរង,សមាជិកក្រុមប្រឹក្សាខេត្ត, ក្រុង,ស្រុក ,ប្រធាន, អនុប្រធានមន្ទីរ ,ប្រធាន,អនុប្រធានការិយាល័យថ្នាក់ខេត្ត,ក្រុង,ស្រុក មន្រ្តីរាជការ ជាមេឃុំ ជាទំនប់ទី១, ទី២ និងជាសមាជិក រហូតដល់ថ្នាក់ភូមិយើងក៏មានស្រ្តីជា ថ្នាក់ដឹកនាំដែរ។ ម្យ៉ាងទៀត ក្រោមកិច្ចប្រឹងប្រែង របស់នារី ខ្លួនឯងផ្ទាល់យើងក៏សង្កេតឃើញថា នារីភាគច្រើនបានក្លាយជាសហគ្រិន ជាអាជីវករ ជាគ្រូពេទ្យ គ្រូបង្រៀន ដ៏ប៉ិនប្រសប់។
លោកស្នងការ ក៏បានអំពាវនាវដល់អង្គពីធីទាំងមូលចូលរួមទាំងអស់គ្នាគាំទ្រប្រធានបទ៖ លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ដែលបានលើកឡើងនេះដើម្បីជួយលើកស្ទួយស្ត្រី បានប្រែក្លាយពីស្ថានភាពងាយរងគ្រោះ ឆ្ពោះទៅរកវឌ្ឍនៈភាពសិទ្ធិស្មើគ្នា បន្តរួមគ្នាកសាងសង្គមជាតិយើង បានសន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាព នឹងបានឈានទៅជា នីតិរដ្ឋដ៏រុងរឿងប្រកបដោយចីរភាព។ បន្ទាប់មកលោកស្នងការ និងលោកស្នងការរងបានជូនវត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនដល់មន្ត្រីនគរបាលជាស្រ្តីផងដែ៕