(ភ្នំពេញ)៖ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដាស់តឿនដល់ស្ត្រីទាំងអស់ ដែលនៅជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែ (ម២) ឱ្យខិតខំកែប្រែខ្លួន ដោយធ្វើអំពើល្អ នៅក្នុងគ្រួសារ និងសង្គមជាតិ បន្ទាប់ពីអនុវត្តទោសតាមច្បាប់រួច។
ការប្រកាសដាស់តឿនរបស់ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកស្រី រួមជាមួយ លោក កែវ រ៉េមី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា និងលោកមេធាវី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន បានចុះជួបសំណេះសំណាលជាមួយនារីជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែ (ម២) រាជធានីភ្នំពេញ។
លោកស្រី អ៉ឹង កន្ថាផាវី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជានិច្ចកាលសម្តេចតែងតែដាស់តឿនដល់មន្ត្រីក្រោមឱវាទទាំងអស់ ចុះពិនិត្យស្ថានភាពគោរពសិទ្ធិទូទៅ របស់ស្ត្រីផងដែរ។ នៅឆ្នាំ២០១៥ សម្តេចបានជំរុញឱ្យក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ពន្លឿនការការត្រួតពិនិត្យស្ថានភាពរបស់ស្ត្រីគ្រប់រូប ដែលកំពុងជាប់នៅក្នុងមណ្ឌលអប់រំកែប្រែ ដែលមានផ្ទៃពោះ និងមានកូនតូចៗនៅជាមួយឱ្យពិនិត្យលើស្ថានភាពអនុវត្តទោស ព្រមទាំងមានការបន្ធូរបន្ថយទោសរបស់ស្ត្រីទាំងនោះផងដែរ។
លោកស្រីបានបន្តថា សូម្បីតែប្រទេសថៃ ដែលនៅជិតខាងកម្ពុជា ក៏បានកោតសរសើរយ៉ាងខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់លើកិច្ចគាំពារស្ត្រីភេទ។ ដូច្នេះចំណុចនេះសូមស្ត្រី ដែលកំពុងតែជាប់ឃុំនៅក្នុងមណ្ឌលអប់រំកែប្រែនេះ មុននឹងធ្វើអ្វីមួយត្រូវចេះគិតគូរពិចារណាឱ្យបានម៉ត់ចត់ ប្រសិនបើយើងជាម្តាយប្រព្រឹត្តអំពើណាមួយដែលល្មើស វានឹងធ្វើឱ្យយើងជាប់ទោស ទាំងនេះវានឹងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់គ្រួសារ និងសង្គមជាតិ។
ដោយឡែក លោក កែវ រ៉េមី បានថ្លែងថា ស្ត្រីគ្រប់រូប មានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ នៅក្នុងក្រុមគ្រួសារ និងសង្គមជាតិ ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចក្នុងគ្រួសារផងដែរ។ ដូច្នេះហើយសូមស្ត្រីគ្រប់រូបមិនត្រូវធ្វើអ្វីដែលមិនគួរគម្បីនោះទេ ការប្រព្រឹត្តបទល្មើសផ្សេងនាំឱ្យមានទោស វាក៏ជាផ្នែកមួយនាំវិប្បដិសារីយ៍ដល់ក្រុមគ្រួសារ ឱពុកម្តាយ ស្វាមី កូនៗ និងសង្គមជាតិទាំងមូលផងដែរ។
មេសិទ្ធិមនុស្សកម្ពុជារូបនេះ បានបន្តថា គណៈកម្មាធិការសិទ្ធិមនុស្សនឹងធ្វើរបាយការណ៍ ដើម្បីបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងបន្ថែមការយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពរបស់ស្ត្រីដែលនៅជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ដូច្នេះ សូមឱ្យស្ត្រីទាំងអស់បន្ទាប់ពីបញ្ចប់ការអនុវត្តទោសរបស់រួចជាស្ថាពរ ត្រូវកែប្រែចិត្តគំនិតរបស់ខ្លួនឱ្យល្អ ហើយត្រូវយកជំនាញ ដែលបានបណ្តុះបណ្តាលនៅក្នុងមណ្ឌលអប់រំកែប្រែនេះ យកទៅប្រកបរបរចិញ្ចឹមជីវិត និងរស់នៅដោយសប្បាយរីករាយក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ដែលមានការរីកចម្រើនលើគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះផងដែរ។
ទន្ទឹងនឹងនេះលោកមេធាវី គី តិច ក៏បានថ្លែងថា ថ្មីៗនេះដោយមើលឃើញពីការលំបាករបស់ស្ត្រី សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដើម្បីជូនការពារក្តីឱ្យស្ត្រីក្រីក្រនៅទូទាំងប្រទេស ដោយមិនគិតថ្លៃសេវា គឺធ្វើយ៉ាងណាឱ្យ ព្រមទាំងផ្តល់កិច្ចពិគ្រោះយោបល់តាមផ្លូវច្បាប់ផ្សេងៗជូនស្ត្រី នៅពេលដែលតុលាការខ្វះអ្នកការពារជូនស្ត្រីរងគ្រោះ ឬស្ត្រីក្រីក្រជាដើម។
ប្រធានមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានបន្តថា ដូច្នេះហើយសូមស្ត្រីគ្រប់រូបនៅជាប់ក្នុងមណ្ឌលអប់រំកែប្រែ (ម២) និងមណ្ឌលផ្សេងៗទៀត មេត្តាកែខ្លួន គោរពវិស័យ និងព្យាយាមអនុវត្តទោសរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់ ដើម្បីឆាប់ចេញទៅវិញធ្វើជាម្តាយល្អ ប្រពន្ធល្អ កូនល្អ សម្រាប់សង្គមជាតិកម្ពុជា ដែលមានការរីកចម្រើនលើគ្រប់វិស័យផងដែរ។
លោកមេធាវី គី តិច បានបញ្ជាក់ថា មូលហេតុដែលសម្តេចតេជោ ហ៊ុន សែន បង្កើតក្រុមមេធាវីស្ម័គ្រចិត្តនេះឡើង គឺសម្តេចតេជោ បានគិតយ៉ាងល្អិតល្អន់ក្នុងកិច្ចការជួយដល់ស្ត្រីដែលមានជីវភាពក្រីក្រ ជាពិសេសដែលមិនមានសិទ្ធិពេញលេញ ពុំមានការការពារសិទ្ធិ របស់គាត់តាមផ្លូវច្បាប់ ទាំងទណ្ឌិតដែលនៅក្នុងពន្ធនាគារ ទាំងជនត្រូវចោទដែលបានឃុំខ្លួនបណ្តុះអាសន្ននៅក្នុងពន្ធនាគារ ទាំងនៅខាងក្រៅដែលពុំមានការទទួលការការពារតាមផ្លូវច្បាប់។ ដូច្នេះហើយសម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅក្នុងវេទិការ ជាមួយក្រសួងកិច្ចការនារី គឺសម្តេចបានគិតគូរ គឺចង់បង្កើតក្រុមមេធាវីរបស់សម្តេចមួយ ដើម្បីទទួលបន្ទុកជួយសម្តេចក្នុងការជួយទៅដល់ស្ត្រីជាជនក្រី ដែលមិនមានលទ្ធភាពជួលមេធាវី មកការពារខ្លួន។
របាយការណ៍បានឱ្យដឹងថា សម្រាប់នារីដែលជាប់ឃុំនៅមណ្ឌលអប់រំកែប្រែ (ម២) មានចំនួន១០៥៩ ស្ត្រីមានផ្ទៃពោះចំនួន២៦នាក់។ ដោយឡែកប្រភេទជាប់ឃុំស្ត្រីត្រូវចោទចំនួន២១០នាក់, ស្ត្រីជាប់ចោទមានចំនួន១០៣នាក់, ស្ត្រីជាប់ពិរុទ្ធមានចំនួន៥៨២នាក់ និងទណ្ឌិតជាស្ត្រីមានចំនួន៣៣នាក់ កូនតាមម្តាយចំនួន៥៨នាក់ ស្ត្រីចំនួន៣៣នាក់៕