(ព្រៃវែង)៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង នៅថ្ងៃព្រស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំការប្រកួតកីឡាសិស្សមធ្យមសិក្សាទូទាំងខេត្តព្រៃវែង ក្រោមអធិបតីភាពរបស់ លោក ខៀវ ភារិទ្ធ តំណាងរាស្ត្រមណ្ឌលព្រៃវែង និងលោក ចាន់ ថា អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង នៅកីឡដ្ឋានបាល់ទះ ស.ស.យ.ក ខេត្តព្រៃវែង។
លោក ប៉ាវ សុធីរ ប្រធានគណៈកម្មាធិការបច្ចេកទេសរៀបចំការប្រកួត បានឲ្យដឹងថា កីឡាករដែលចូលរួមការប្រកួតមានចំនួនសរុបទាំងអស់៧៩ក្រុម កើនជាងឆ្នាំមុនដល់ទៅ០៧ក្រុម ក្នុងនោះរួមមាន៖ ប្រភេទវិញ្ញាសាកីឡាបាល់ទាត់បុរសមាន១៤ក្រុម៖
*ប្រភេទវិញ្ញាសាកីឡាបាល់ទាត់ នារីមាន០៩ក្រុម
*ប្រភេទវិញ្ញាសាកីឡាបាល់ទះ បុរសមាន១៣ក្រុម
*ប្រភេទវិញ្ញាសាកីឡាបាល់ទះ នារី មាន០៩ក្រុម
*ប្រភេទវិញ្ញាសាកីឡាបាល់បោះបុរសមាន០៤ក្រុម
*ប្រភេទវិញ្ញាសាកីឡាបាល់បោះនារី មាន០៥ក្រុម
*ប្រភេទវិញ្ញាសាកីឡាប៉េតង់បុរសមាន០៧ក្រុម
*ប្រភេទវិញ្ញាសាកីឡាប៉េតង់ នារី មាន០៥ក្រុម
*ប្រភេទវិញ្ញាសាកីឡាអត្តពលកម្ម បុរស-នារី មាន១៣ក្រុម ហើយនេះជាឆ្នាំទី៣ ហើយដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់បញ្ចូលប្រភេទកីឡាប៉េតង់ ( ប៊ូល ) បុរស-នារី នៅក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សា។
ជាមួយគ្នានេះដែរ លោក ចាន់ ថា បានបញ្ជាក់យ៉ាងច្បាស់ថា ការប្រកួតកីឡាសិស្សមធ្យមសិក្សានាពេលនេះ ធ្វើឡើងក្នុងគោលបំណងជ្រើសរើសជើងឯកប្រចាំឆ្នាំសិក្សា២០១៨-២០១៩ សម្រាប់មន្ទីរអប់រំ យុវជន និងកីឡាខេត្តផង និងដើម្បីជ្រើសរើសកីឡាករ កីឡាការិនី ដែលមានសមត្ថភាព ទេពកោសល្យ និងបច្ចេកទេសល្អៗ យកទៅចូលរួមប្រកួតកីឡាសិស្សមធ្យមសិក្សា នៅថ្នាក់ជាតិ ដែលក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងរៀបចំធ្វើនៅពេលឆាប់ៗខាងមុខនេះ។
បន្ថែមពីនេះ លោក ខៀវ ភារិទ្ធ បានថ្លែងថា តាមរយៈការប្រកួតកីឡា បានផ្តល់ឱកាសដល់យុវជនខេត្តព្រៃវែង បន្ទាប់ពីនឿយហត់ពីការសិក្សា ឬការងារឲ្យងាកមកស្រលាញ់ គាំទ្រ និងលេងកីឡា ដើម្បីសុខភាពល្អ ជាជាងយកពេលវេលាដ៏មានតម្លៃនេះ ទៅប្រព្រឹត្តិអំពើអបាយមុខផ្សេងៗជាដើម។
ឆ្លៀតក្នុងឱកាសនោះ តំណាងរាស្ត្រវ័យក្មេងរូបនេះ ក៏បានផ្តាំផ្ញើដល់ក្រុមកីឡាករទាំងអស់ រួមទាំងគ្រូបង្វឹក សូមចូលរួមគោរព វិន័យ ច្បាប់ លក្ខន្តិកៈ និងបទបញ្ជានៃការប្រកួតឲ្យខានតែបាន។ ការប្រួកតកីឡាតែងមានឈ្នះចាញ់ ខុសខ្លះ ត្រូវខ្លះ ជារឿងធម្មតា! សំខាន់ត្រូវចេះអត់ធ្មត់ និងអត់ឱនអធ្យាស្រ័យគ្នា ហ៊ានទទួលស្គាល់លទ្ធផល និងចេះចាប់ដៃគ្នានៅពេលចប់ការប្រកួតជាដើម។ «សូមកុំស្តោះទឹកមាត់ ឬប្រើកាយវិការមិនសមរម្យ តែត្រូវមានក្រមសីលធម៌ ក្នុងនាមជាកីឡាករ ប្រកបដោយសុឆន្ទៈ និងសាមគ្គីភាពរវាងគ្នានិងគ្នា ក្នុងស្មារតីខ្មែរតែមួយ»៕