(បាត់ដំបង)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង (ស.ស.យ.ក) នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីក្រុងពាលីបួងសួង ដើម្បីសុំសេចក្ដីសុខសប្បាយ ក្នុងឱកាសរៀបចំបើកការដ្ឋាន សាងសង់កន្លែងប្រារព្ធមហាសង្គ្រាន្ដឆ្នាំថ្មីប្រពៃណីខ្មែរ នៅសកលវិទ្យាល័យ នេប យ៉ង និង សាលាបឋមសិក្សាជា ស៊ីម ខាងមុខរូបសំណាក់លោកតាដំបងគ្រញូង។
ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ច័ន្ទ សុផល តំណាងរាស្ត្រ ខេត្តបាត់ដំបង និងលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង និងលោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង រួមទាំងសមាជិក-សមាជិកាជាច្រើនរូបទៀត។
អ្នករៀបចំពិធីនេះ បានឲ្យដឹងថា នេះជាលើកទី២ហើយ ដែល ស.ស.យ.ក ខេត្តបាត់ដំបង បានរៀបចំសង្គ្រាន្ដនេះឡើង ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង បានចូលរួមកំសាន្តសប្បាយក្នុងសង្គ្រាន្ដ។ អ្នករៀបចំ បានបញ្ជាក់ថា សង្គ្រានឆ្នាំនេះ មានលក្ខណៈធំជាងឆ្នាំមុន ហើយថែមទាំងមានការរៀបចំ លេងល្បែងប្រជាប្រិយគ្រប់ប្រភេទ គ្រប់បែបនៅតាមកន្លែងផ្សេងៗគ្នា។
អ្នករៀបចំកម្មវិធី បានឲ្យដឹងទៀតថា «សង្រ្គាន្ដបាត់ដំបងឆ្នាំ២០១៩នេះ នឹងចាប់ផ្តើម ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ដែលមានភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ប្រមាណជិត១០នាក់នឹងចូលរួម»។
គោលបំណង នៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីផ្តល់ភាពសប្បាយរីករាយ ជាលក្ខណៈប្រពៃណីខ្មែរ តាមរយៈការរៀបចំពិធីសាសនា ការតាំងបង្ហាញ នូវផលិតផលខ្មែរ ទស្សនីយ៍ភាពសិល្បៈ ល្បែងប្រជាប្រិយ៍ តាមប្រពៃណី និងទំនៀមទម្លាប់ពីដូនតា ជូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងទាំងមូល កូនខ្មែរជំនាន់ក្រោយ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ បានស្គាល់កាន់តែច្បាស់ ពីវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ខ្មែរតាំងពីបុរាណ្យ៕