(កណ្តាល)៖ លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងបន្តគិតគូរ ពីចំនួនវត្តមានរបស់ស្រ្តី ក្នុងការទទួលបានតួនាទី ក្នុងកិច្ចការនយោបាយ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ព្រមទាំងការធ្វើសេចក្តីសម្រេចផ្សេង។
ការលើកឡើងយ៉ាងដូច្នេះរបស់លោកស្រី ក្នុងឱកាសដែលលោកស្រី អញ្ជើញតំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈអចិន្រ្តៃយ៏គណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល បានចូលរួមជាអធិបតីភាពក្នុង ពិធីអបអរសាទរខួបលើកទី ១០៨ ទិវាអន្តរជាតិនារី ០៨ មីនា ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគំាពារសង្គម ដើម្បីអភិវឌ្ឍន៏ធនធានមនុស្ស»។
លោកស្រី ងួន សុខា បានអានព្រះរាជសារ របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងបានសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ ដែលចូលរួមប្រមាណ ១០០០ នាក់ ដោយលើកឡើងពីតថភាពជាក់ស្តែងក្នុងសង្គមកម្ពុជា ក្នុងការផ្តល់តម្លៃដល់ស្រ្តី ក្នុងការចូលរួមអភិវឌ្ឍន៏សង្គមជាតិ ប្រកបដោយនិរន្តរភាព សំដៅលើកកម្ពស់សមភាពយេនឌ័រ លើរាល់កិច្ចការ និងការរស់នៅប្រចាំថ្ងៃ។
លោកស្រីក៏បានលើកឡើងថា ប្រធានបទនេះ ក៏ត្រូវបានដាក់ចេញស្របតាមបរិការណ៏ របស់កម្ពុជាបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាននឹងកំពុងខិតខំអនុវត្ត នូវគោលនយោបាយជាតិគាំពាសង្គម សំដៅធានាឱ្យបាននូវសុខុមាលភាពរបស់ប្រជាជន និងសន្តិសុខប្រាក់ចំណូល ព្រមទាំងបាននឹងកំពុងបន្តគិតគូរ ពីចំនួនវត្តមានរបស់ស្រ្តី ក្នុងការទទួលបានតួនាទី ក្នុងកិច្ចការនយោបាយ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ព្រមទាំងការធ្វើសេចក្តីសម្រេចផ្សេងៗ ដើម្បីផ្តល់ឱកាសឱ្យស្ត្រីមានលទ្ធភាព ចូលរួមរាល់ដំណើរការ នៃការអភិវឌ្ឍន៏ប្រទេស ប្រកបដោយសមធម៌ ឆ្លើយតបនឹងបញ្ហាយេនឌ័រ ដែលស្រ្តីគ្រប់រូបមានសិទ្ធិ និងកាតព្វកិច្ចដូចបុរស ក្នុងការទទួលបានឱកាស និងអត្ថប្រយោជន៏ផ្សេងៗ តាមរយៈសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍឥតឈប់ឈរនាពេលបច្ចុប្បន្ន៕