(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិក​សភាអាមេរិក​លោកស្រី ម៉ាថា ម៉ាសាលលី (Martha McSally) បានអះអាងថា លោកស្រីត្រូវបាន​មន្ត្រីជាន់​ខ្ពស់ម្នាក់​រំលោភសេពសន្ថវៈ អំឡុងពេល​បំពេញការងារនៅក្នុងជួរកងទ័ព​អាកាស​អាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយ​​សារព័ត៌មាន BBC នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩។

លោកស្រី McSally ដែលធ្លាប់ជាស្ត្រី​ពីឡុតយន្ដហោះចម្បាំងអាមេរិក​ដំបូងគេបំផុត បានធ្វើការលើក​ឡើងបែបនេះ ប្រាប់​អនុគណៈកម្មធិការ​សេវាកម្មអាវុធ​ នៃព្រឹទ្ធសភាអាមេរិក​នៅថ្ងៃពុធ​សប្ដាហ៍នេះ ពាក់ព័ន្ធនឹងការ​រំលោភបំពានផ្លូវភេទ​ នៅក្នុង​ជួរយោធា​អាមេរិក។ នាឱកាស​នោះ លោកស្រីបាន​គូសបញ្ជាក់​យ៉ាងដូច្នេះថា «ខ្ញុំបាននៅ​ស្ងៀមស្ងាត់អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដោយមិន​ហ៊ាននិយាយ​ពីរឿង ដែលបានកើតឡើងមក​លើរូបខ្ញុំ​ឡើយ ដោយសារតែ​មាន​ខ្មាសអៀន ច្របូកច្របល់ និងខ្លាច​ប៉ះពាល់​ប្រព័ន្ធ​ការងារ... ក៏ប៉ុន្តែខណៈរឿង​អាស្រូវនៅតែបន្ត​កើតមានក្នុងវិស័យ​យោធា ខ្ញុំសម្រេចចិត្ត​ថា ត្រូវតែទម្លាយវាចេញ​មកក្រៅឱ្យអ្នក​ទាំងអស់​គ្នាដឹង»

គួរបញ្ជាក់ បើតាម​របាយការណ៍ជាច្រើន ការរំលោភបំពាន​ផ្លូវភេទក្នុងយោធា​អាមេរិក បានកើន​ឡើងជិត ១០ភាគរយ កាលពី​ឆ្នាំ២០១៧។ រីឯលោក​ស្រី Ms McSally ធ្លាប់បានបម្រើ​ការងារក្នុងរយៈពេល ២៦ឆ្នាំ នៅក្នុងជួរកង​ទ័ពអាកាស​អាមេរិក ដោយមាន​តំណែងវរៈសេនីយឯក (colonel) មុននឹងលោកស្រី​ចូលនិវត្តន៍​នៅឆ្នាំ២០១០ ហើយក្រោយមកទៀតលោកស្រីបានជាប់ ឆ្នោតជាសមាជិកសភា និងជាសមាជិកព្រឹទ្ធសភាអាមេរិកមកពីបក្សសាធារណរដ្ឋនាពេលបច្ចុប្បន្ន៕