(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងទៅអភិបាលក្រុង និងស្រុកចំនួន៣ ក្នុងខេត្ត ដើម្បីមានវិធានការទប់ស្កាត់ និងអនុវត្តវិធានការច្បាប់ ចំពោះក្រុមអនាធិបតេយ្យ ដែលនៅបន្ដទៅទន្ទ្រាន់កាន់កាប់ដីដោយខុសច្បាប់ ដើម្បីរក្សាទុកជាប្រយោជន៍រួមវិញ នៅក្រុងព្រះសីហនុ ស្រុកព្រៃនប់ ស្រុកកំពង់សីលា និងស្រុកស្ទឹងហាវ។
លិខិតដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងទប់ស្កាត់ឲ្យបាននូវបាតុភាពអនាធិបតេយ្យចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ រដ្ឋបាលខេត្តសូមក្រើនរំលឹក និងណែនាំជាថ្មីដល់រដ្ឋបាលក្រុង ស្រុក ដូចខាងក្រោម៖
*ត្រូវចុះពិនិត្យតាមដាន និងទប់ស្កាត់ឲ្យខាងតែបាន នូវសកម្មភាពក្រុមអនាធិបតេយ្យដែលចូលកាន់កាប់ដីរដ្ឋ ដែលរដ្ឋបាលខេត្តបានដកហូតកន្លងមក
*ជំរុញមេឃុំ ចៅសង្កាត់ ចុះត្រួតពិនិត្យ និងគ្រប់គ្រងដីរដ្ឋ ដីព្រៃអភិរក្ស ដីកម្មសិទ្ធិឯកជននៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានគង់វង្ស
*ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ មិនត្រូវជឿលើការអូសទាញពីក្រមខិលខូចដែលនាំគ្នាទៅទន្ទ្រានកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់នោះទេ
*កំណត់មុខសញ្ញាដែលជាមេក្លោងបំផុសបំផុលឲ្យប្រជាពលរដ្ឋ ចូលទៅទន្ទ្រានកាន់កាប់ដីរដ្ឋដោយចាត់វិធានការតាមផ្លូវច្បាប់ និងរាយការណ៍មករដ្ឋបាលខេត្ត ឲ្យបានទាន់ពេលវេលា៕
សូមអានខ្លឹមសារទាំងស្រុង នៃលិខិតរបស់រដ្ឋបាលខេត្ត នៅខាងក្រោមនេះ៖