(បាត់ដំបង)៖ រដ្ឋបាលសាលាខេត្តបាត់ដំបង ព្រមទាំងភរិយាថ្នាក់ដឹកនាំក្នុងខេត្ត មន្ទីរ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធប្រមាណ១,០០០នាក់ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ បានមកជួបជុំគ្នាធ្វើពិធីសំណេះសំណាល ដើមី្បអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» នៅសាលមហោស្របស្ទឹងសង្កែខេត្តបាត់ដំបង ក្រោមវត្តមាន លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក ងួន រតន: អភិបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ឯក សំអូន មេបញ្ជាការស្តីទីយោធភូមិភាគទី៥ ព្រមទាំងលោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ និង អង្គភាពជុំវិញខេត្តផងដែរ ។
លោកស្រី ភោគ សុភ័ក្រ ប្រធានស្តីទីមន្ទីរកិច្ចការនារីខេត្ត បានឡើងអានព្រះរាជសារទាំងស្រុងរបស់សម្តេចព្រះមហាក្សត្រនរោត្តម មុនីនាថសីហនុ ព្រះវរ:បិតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្កល ប្រទានជូនដល់បងប្អូនជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០៨ នៃទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៩នេះរួចមក។
នាឱកាសនោះ លោក ងួន រតន: ខេត្តក៏បានថ្លែងក្នុងពិធីថា បងប្អូនស្ត្រីគ្រប់រូប មានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ នៅក្នុងក្រុមគ្រួសារ និងសង្គមជាតិ ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចក្នុងគ្រួសារផងដែរ។ ដោយកត្តាទាំងនេះហើយ ដែលធ្វើឲ្យបងប្អូនស្ត្រីយើងគ្រប់រូប ត្រូវមានស្មារតីចូលរួមក្នុងការថែរក្សា ការពារសន្តិភាព ព្រមទាំងធ្វើការប្រឆាំងដាច់ខាតនូវរាល់ឧបាយកល លិ្បចបោកបញ្ឆោត របស់ក្រុមជនណា ដែលមានមហិច្ឆិតា ក្នុងការប៉ង់ប៉ងបំផ្លាញនូវសន្តិភាពនៅកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែង ស្វែងរកទាំងលំបាកអស់រយៈពេលជាច្រើន ឆ្នាំមកនោះ ។
លោកអភិបាលខេត្តលើកឡើង ពីប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាន និងកំពុងគាំទ្រជម្រុញ ឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទំាងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។
លោក ងួន រតន: បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត បន្តធ្វើកិច្វការជាច្រើនបន្ថែមទៀតឲ្យកាន់តែប្រសើឡើង ពិសេសលើកស្ទួយស្រ្តីទាំងអស់នៅក្នុងខេត្ត និងបង្កើតក្រុមមេធាវីសម្តេចតេជោ ខេត្តបាត់ដំបងសម្រាប់ជួយបំរើសេវានានាដល់ស្រី្តនិងកុមារយើងផងដែរ៕