(ភ្នំពេញ)៖ តំណាងក្រុមហ៊ុន NIKE ពិភពលោក ដែលជាអ្នកបញ្ជាទិញដ៏ធំ លើផលិតផលសម្លៀកបំពាក់ និងស្បែកជើង នៅក្នុងប្រទេសកម្ពុជា បានសម្ដែងការកត់សម្គាល់អំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា នៅក្នុងវិស័យនេះ។
នៅក្នុងជំនួបពិភាក្សាជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីរសៀលថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩ លោក គ្រីស ហ៊ែលហ្សឺ (Chris Helzer) អនុប្រធានក្រុមហ៊ុន NIKE ទទួលបន្ទុកផ្នែកពាណិជ្ជកម្មសាកល និងកិច្ចការរដ្ឋាភិបាល បានគូសបញ្ជក់ថា NIKE មានមោទនភាព ដែលបានបង្កើតការងារជូនប្រជាជនកម្ពុជា ៤៥,០០០នាក់ តាមរយៈរោងចក្រផលិតសម្លៀកបំពាក់ និងស្បែកជើងជាដៃគូចំនួន៧ ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងស្វែងរកឱកាសពង្រីកទីផ្សារ ដើម្បីនាំយកនូវភាពជោគជ័យបន្ថែមទៀតជូនប្រជាជន និងប្រទេសកម្ពុជា។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណក្រុមហ៊ុន NIKE ដែលបានធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម បានជម្រាបលោក គ្រីស ហ៊ែលហ្សឺ អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល, ការចរចារធ្វើពិពិធកម្មទីផ្សារ, ការចូលរួមបង្កើតប្លុកពាណិជ្ជកម្មសេរី និងការចុះកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសដៃគូអាស៊ាន។
លោករដ្ឋមន្ត្រី ក៏បានជម្រាបតំណាងក្រុមហ៊ុន NIKE អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកស្ទួយឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការកាត់បន្ថយការិយាធិបតេយ្យ, ការជំរុញតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល និងឌីជីថល, ការកាត់បន្ថយតម្លៃអគ្គិសនី និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបគម្រោងវិនិយោគធំៗ ជាដើម៕