(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែងជំរុញឲ្យមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ធ្វើការខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អ ប្រសើរថែមទៀត។
លោកអភិបាលខេត្ត បានលើកឡើងនៅឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោកឧត្តមសេនីយ៍ឯក សេក ភូមី អគ្គស្នងការរងនគរបាលជាតិ ក្នុងពិធីសន្និបាតបូកសរុបការងារឆ្នាំ២០១៨ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងផ្សព្វផ្សាយការងារទិសដៅឆ្នាំ ២០១៩ របស់អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្ត កំពង់ចាម។
បន្ទាប់ពីការអានរបាយការណ៍ ដោយលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម, លោក គួច ចំរើន អភិបាលខេត្ត បានថ្លែងសូមឲ្យមន្ត្រីនគរបាលគ្រប់ថ្នាក់ គ្រប់ជំនាញ គ្រប់ផ្នែក ត្រូវប្រមូលផ្ដុំនូវបញ្ញាញាណប្រើប្រាស់សមត្ថភាព ប្រើប្រាស់កម្លាំងដែលមានឲ្យអស់លទ្ធភាព ដើម្បីថែរក្សាសន្តិសុខ នៅមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរ។
លោក គួច ចំរើន បានបញ្ជាក់ថា «យើងពិតជាមានមោទនភាព នៃលទ្ធផលការងារក្នុងឆ្នាំ២០១៨ កន្លងទៅដោយកម្លាំងសមត្ថកិច្ចយើង បានខិតខំធ្វើការបម្រើសេវា ជូនប្រជាពលរដ្ឋ ក៏ដូចជាការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ដែលធ្វើឲ្យឃុំ-សង្កាត់ ចំនួន៩៩ ក្នុងចំណោម១០៩ ឃុំ-សង្កាត់ ទទួលចំណាត់ថ្នាក់លេខ១។ ដូច្នេះដោយមានចលនាប្រឡងប្រណាំងបម្រើសេវារបស់អាជ្ញាធរឃុំ-សង្កាត់ផងនោះ យើងរំពឹងទុកថាក្នុងឆ្នាំ២០១៩នេះ ឬនៅឆ្នាំ២០២០ខាងមុខ យើងនឹងធ្វើឲ្យឃុំ-សង្កាត់ បានជាប់ចំណាត់ថ្នាក់លេខ១ ទាំង១០៩ ឃុំសង្កាត់តែម្តង នោះទើបកាន់តែប្រសើរ»។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក សេក ភូមី បានថ្លែងថា ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ខេត្តកំពង់ចាម ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស៤ឆ្នាំជាប់គ្នា។ ប៉ុន្តែទោះជាដូច្នេះ ក៏នៅមានសេសសល់បញ្ហាប្រឈមដូចជា ស្ថានភាពបទល្មើសព្រហ្មទណ្ឌទូទៅ នៅមានកំណើន៨ភាគរយ ក្នុងនោះករណីលេចធ្លោ គឺករណីរំលោភ បទល្មើសមជ្ឈឹមមានកំណើន៨ភាគរយដែរ ករណីលួច ហិង្សាចេតនា និងហិង្សាក្នុងគ្រួសារ។
ចំណែកករណីគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ២ករណី ប៉ុន្តែបែរជាមានករណីស្លាប់មនុស្សច្រើនជាងឆ្នាំមុន គឺ១០៨នាក់លើ ៩០នាក់ បញ្ហាល្បឿន និងបើកបរក្នុងស្ថានភាពស្រវឹង។ បញ្ហាអគ្គិភ័យក៏មានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ដែលភាគច្រើនកើតឡើងដោយការធ្វេសប្រហែស និងការឆ្លងចរន្តអគ្គិសនី។
ដោយឡែក ការធ្វើអត្តឃាតក៏មានការកើនឡើងដែរ ដែលធ្វើឲ្យមនុស្សស្លាប់៤៩នាក់ ហើយបញ្ហានេះសមត្ថកិច្ចនៅមិនទាន់ស្រាវជ្រាវដឹងច្បាស់អំពីមូលហេតុ ដើម្បីមានវិធានការទប់ស្កាត់នៅឡើយទេ ប៉ុន្ដែលោកឧត្តមសេនីយ៍ឯក សេក ភូមី ក៏បានថ្លែងកោតសរសើរនូវលទ្ធផលការងារប្រចាំឆ្នាំ ២០១៨ របស់ស្នងការនគរបាលខេត្តកំពង់ចាមផងដែរ៕