Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនផលិតផលគ្រឿងសំអាង ម៉ាដាមគីម និងសប្បុរសជននៅភ្នំពេញ នាំយកអំណោយសម្ភារសិក្សា និងថវិកាមួយចំនួន ចែកដល់សិស្សចំនួន៦៤០នាក់ នៅស្រុកព្រែប្រសព្វ

07-03-2019 10:32

(ក្រចេះ)៖ ក្រុមហ៊ុនផលិតផលគ្រឿងសំអាងការ ម៉ាដាមគីម និងសប្បុរសជនមកពីក្រុងភ្នុំពេញដឹកនាំដោយ ព្រះភិក្ខុ ជោតិបញ្ញោ នរិន្ធពៅ នៅល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩នេះ បាននាំយកអំណោយ ជាសម្ភារសិក្សា និងថវិកាមួយចំនួន ចែកជូនដល់សិស្សានុសិស្សចំនួន៦៤០នាក់ មកពីសាលាចំនួន២ នៅភូមិបុកទឹក ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

លោកស្រីប្រធានក្រុមហ៊ុនផលិតផលគ្រឿងសំអាង ម៉ាដាម គីម មករាជធានីភ្នំពេញ បានឲ្យដឹងថា សម្ភារ និងថវិកាទាំងអស់នេះ គឺទទួលបានពីការចូលរួមបដិភាគ របស់បងប្អូនសប្បុរសជន រស់នៅរាជធានីភ្នំពេញ រួមគ្នាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយដល់វិស័យអប់រំសិក្សា ស្របទៅនឹងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងគុណភាពអប់រំក្នុងតំបន់ និងជាពិសេស ជាការលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សក្នុងការទទួលបានសម្ភារសិក្សាបន្ថែម កាត់បន្ថយនូវចំណាយទិញនូវសម្ភារសិក្សា និងការមកសិក្សាផងដែរ។

លោកស្រីក៏បានផ្តាំផ្ញើឲ្យប្អូនៗ ត្រូវខិតខំបន្តប្រឹងប្រែងរៀនសូត្រឲ្យបានចប់គ្រប់ៗគ្នា ដើម្បីអនាគតការងាររបស់ខ្លួន គ្រួសារ និងប្រទេសជាតិ និងត្រូវធ្វើខ្លួនជាសិស្សល្អ កូនល្អ យុវជនល្អ នៅក្នុងមូលដ្ឋាន និងជួយបម្រើផលប្រយោជន៍ដល់សង្គមផងដែរ។

ក្នុងនោះដែរ សម្ភារសិក្សាដែលផ្ដល់ឲ្យសិស្សានុសិស្សចំនួន៦៤០នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ២ក្បាល ប៉ិច១ដើម និងថវិកា១ពាន់រៀល សម្រាប់លោកគ្រូអ្នកគ្រូ២០នាក់ ទទួលបាន សៀវភៅ១ក្បាល ប៉ិច២ដើម និងថវិកា២ម៉ឺនរៀល។

ក្នុងឱកាសនោះដែរ លោកស្រី ក៏បានផ្តល់អំណោយដល់លោកយាយ លោកតាចំនួន១០នាក់ ក្នុង១នាក់ទទួលបាន អង្ក ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេះ និងថវិការ ១ម៉ឺនរៀលផងដែរ៕