(ការ៉ាកាស់)៖ រដ្ឋាភិបាលវេណេស៊ុយអេឡាបានសម្រេចចិត្តបណ្ដេញអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំទីក្រុងការ៉ាកាស់ លោក Daniel Kriener ចេញពីប្រទេសហើយនៅថ្ងៃពុធសប្ដាហ៍នេះ ស្របពេលបណ្ដាប្រទេសលោកខាងលិចកំពុងពិចារណាលើវិធានការឆ្លើយតប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩។
អគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Daniel Kriener ត្រូវបានបណ្ដេញចេញពីវេណេស៊ុយអេឡាតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនិងមន្ត្រីទូត អឺរ៉ុបជាច្រើននាក់ទៀត បានទៅទទួលស្វាគមន៍ការធ្វើមាតុភូមិនិវត្តន៍របស់មេបក្សប្រឆាំងលោក Juan Guaido នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងការ៉ាកាស់កាលពីថ្ងៃចន្ទ។ រដ្ឋាភិបាលលោក ម៉ាឌូរ៉ូបានប្រកាសថាលោក Kriener ជាមនុស្សមិនគួរស្វាគមន៍ និងទុកពេលឱ្យលោក៤៨ម៉ោងចាកចេញពីវេណេស៊ុយអេឡា ដោយចោទថាអគ្គរដ្ឋទូតអាល្លឺម៉ង់រូបនេះលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ វេណេស៊ុយអេឡា។
គួរបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ក៏បានទទួលស្គាល់ដែរថាលោក Daniel Kriener ពិតជាត្រូវបានអាជ្ញាធរវេណេស៊ុយអេឡាបណ្ដេញចេញពីប្រទេសមែន ហើយថាអាល្លឺម៉ង់កំពុងពិភាក្សាជាមួយសម្ព័ន្ធមិត្តដើម្បីចាត់វិធានការឆ្លើយតប។ បណ្ដាប្រទេសលោកខាងលិចភាគច្រើន ក្នុងនោះមានទាំងអាល្លឺម៉ង់សុទ្ធតែប្រកាសទទួលស្គាល់លោក Guaido ជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទីជាមួយការអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតជាថ្មីឡើងវិញផងដែរ៕