(ភ្នំពេញ)៖ ភាពយន្ដខ្នាតជាតិ និងអន្ដរជាតិប្រមាណជា១៣០រឿង និងមកពី៣៧ប្រទេស នឹងត្រូវចាក់បញ្ចាំងនៅកម្ពុជា៦ថៃ្ង ក្នុងឱកាសបើកមហោស្រពភាពយន្ដអន្ដរជាតិលើកទី៩ ដែលនឹងរៀបចំឡើងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។
មហោស្រពភាពយន្ដអន្ដរជាតិនលើកទី៩នេះ រៀបចំឡើងក្រោមការចូលរួមជា អធិបតីភាពពីលោកស្រី ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ការចាក់បញ្ចាំងខ្សែភាពយន្ដជាតិ និងអន្ដរជាតិនេះនឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី៩-១៤ ខែមីនា ឆ្នាំ២០១៩ ដោយក្នុងនោះនឹងចាក់បញ្ចាំងខ្សែភាពយន្ដចំនួន១៥០លើក នៅតាមរោងភាពយន្ដធំៗក្នុងរាជធានីភ្នំពេញរួមមាន៖ រោងភាពយន្ដលេជេន, ម៉េជ័រស៊ីណេផ្លិច, ប្រែមស៊ីណេផ្លិច, មជ្ឈមណ្ឌលបុប្ផាណា, សាលមហោស្រពចតុមុខ និងសណ្ឋាគាររ៉ូសវូដ ហើយខ្សែភាពយន្ដដែលនឹងចាក់ផ្សាយរួមមាន៖ ភាពយន្ដខ្នាតខ្លី, ខ្នាតធំ, ភាពយន្ដឯកសារ, ព្រមទាំងគំនូជីវចលជាដើម។
ក្នុងការបើកសម្ពោធ មហោស្រពភាពយន្ដអន្ដរជាតិនេះ ក៏បញ្ចូលកម្មវិធីផ្សេងជាច្រើនរួមមាន៖ តាំងបង្ហាញស្នាដៃសិល្បៈ, កិច្ចពិភាក្សាដែលប្រព្រឹត្តនៅមជ្ឈមណ្ឌលបុប្ផាណា។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងទស្សនីយភាព នៃក្រសួងវប្បធម៌ឲ្យដឹងថា «ក្នុងព្រឹត្តិការមហោស្រពភាពយន្ដអន្ដរជាតិនេះ ពិតជាមានសារៈសំខាន់ក្នុងការជួយផ្សព្វផ្សាយ ស្នាដៃភាពយន្ដក្នុងស្រុកទៅបរទេស និងភាពយន្ដបរទេសមកកម្ពុជា»។
លោកបន្ដថា ខ្សែភាពយន្ដដែលនឹងត្រូវចាក់បញ្ចាំង ជាខ្សែភាពយន្ដដែលទទួលពានរង្វាន់ ពីបណ្ដាមហោស្រពភាពយន្ដធំៗពីប្រទេសផ្សេងៗ។ លើពីនេះក៏បានផ្ដល់ឱកាសដល់ ផលិតករកម្ពុជា និងផលិតករបរទេសជួបពិភាក្សា និងចែករំលែកនូវរវាងគ្នានឹងគ្នាថែមទៀតផង៕