(កំពង់ស្ពឺ)៖ ក្មួយៗសិស្សានុសិស្សក្រីក្រ៥១៥នាក់ និងលោកគ្រូ អ្នកគ្រូ ដែលកំពុងសិក្សានិងបង្រៀន នៅក្នុងសាលាបឋមសិក្សាគីរីវន្ត ស្ថិតនៅភូមិក្រាំងច្រេស ឃុំគីរីវន្ត ស្រុកភ្នំស្រួច និងក្មួយៗ ជាសិស្សានុសិស្សឥស្លាម ៧៥នាក់ ដែលកំពុងសិក្សានៅក្រោមផ្ទះ ប្រជាពលរដ្ឋមួយកន្លែង ក្នុងភូមិត្រពាំងគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទទួលអំណោយជាសម្ភារសិក្សា ពីសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា។
ពិធីចុះចែកជូនសម្ភារសិក្សា ដល់សិស្សានុសិស្សខាងលើនេះ ត្រូវបានប្រារព្ធធ្វើឡើង នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ក្រោមវត្តមាន លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិត នៅកម្ពុជា ដោយមានការចូលរួមពីសមាជិក សមាជិកា និងលោកគ្រូ-អ្នកគ្រូ ជាច្រើនរូបទៀតផងដែរ។
លោក ម៉ម ម៉េង នាយកសាលាបឋមសិក្សាគីរីវន្ត បានឲ្យដឹងថា សាលាបឋមសិក្សាគីរីវន្ត ស្ថិតជនបទដាច់ស្រយ៉ាលមួយ ប្រជាពលរដ្ឋ និងអាណាព្យាបាលនៅក្នុងតំបន់នេះ មានជីវភាពក្រលំបាក ក្មេងៗធ្វើដំណើរ ទៅមក សាលារៀន តាមមធ្យោបាយជិះកង់ និងថ្មើជើង ក្មេងៗខ្លះមានសម្លៀកបំពាក់សមរម្យ និងខ្លះទៀត មានការខ្វះខាត ចំណែកក្នុងសាលារៀនមានការខ្វះខាតទឹកស្អាតប្រើប្រាស់ មិនទាន់មានអគារទីចាត់ការ និងបន្ទប់រៀន មិនទាន់គ្រប់គ្រាន់ សិស្សរៀន២វេនទាំងព្រឹក និងល្ងាច។
ចំណែកលោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានឲ្យដឹងថា ថ្ងៃនេះ ជាថ្ងៃរីករាយបំផុត ដែលថ្នាក់ដឹកនាំ និងសមាជិកសមាជិកាសមាគម មានឱកាសបានមកចែកជូននូវសម្ភារសិក្សា មានដូចជា សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ដែកខួង ខ្មៅដៃ ចាហួយ និងកាដូរមួយចំនួន សម្រាប់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូនៅទីនេះ។ កម្មវិធីថ្ងៃនេះដែរ ធ្វើឡើងក្រោមប្រធានបទ «រួមគ្នាចែករំលែកសេចក្តីស្រលាញ់ដល់សង្គម»។
លោក មែ ស៊ីថុន បានបន្តថា ឈរលើគោលការណ៍ និងទស្សនៈវិស័យរបស់ខ្លួន សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា នឹងបន្តព្យាយាមចែករំលែកសេចក្តីស្រលាញ់ ដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឲ្យបានកាន់តែច្រើន តាមតែអាចធ្វើទៅបាន។ កម្លាំងចិត្តដែលបានផ្តល់ជូនក្មួយៗ នឹងធ្វើឲ្យពួកគេ មានការតស៊ូព្យាយាម ប្រឹងប្រែងរៀនសូត្រ ក្លាយជាសសរទ្រូងនៃប្រទេសជាតិ។
សូមបញ្ជាក់ថា បន្ទាប់ពីចែកជូនសម្ភារសិក្សា ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាគីរីវន្តរួចមក ប្រតិភូនៃសមាគម បានបន្តដំណើរ មកចែកជូនសម្ភារសិក្សា ដល់សិស្សានុសិស្សឥស្លាម នៅភូមិត្រពាំងគុយ ហើយបានសន្យា នឹងជួយស្វែងរកមូលនិធិ ឬ សប្បុរសជន ដើម្បីកសាងសាលារៀនភាសាឥស្លាម មួយខ្នងជូនពួកគាត់ទៀតផង៕