(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ នឹងអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារដែលសម្រេចនៅក្នុងឆ្នាំចាស់ឆ្នាំ២០១៨ និងការដាក់ចេញនូវការងារឆ្នាំថ្មីឆ្នាំ២០១៩របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្រសួងការបរទេសកម្ពុជា បានបើកសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ។ កិច្ចការបរទេស គឺជារឿងដ៏សំខាន់របស់កម្ពុជាក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ខ្លួនទៅកាន់ឆាកអន្តរជាតិ។ សម្តេចតេជោ ហ៊ុន សែន ដែលជារដ្ឋមន្ត្រីការបរទេសដំបូងគេនៅកម្ពុជាក្រោយការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ តែងតែបានអញ្ជើញចូលរួមក្នុងពិធីបូកសរុបការងាររបស់ក្រសួងការបរទេស។ សម្តេចតេជោ តែងបានយឱកាសនេះ ដើម្បីផ្តល់នូវបទពិសោធន៍ និងអនុសាសន៍សំខាន់ជូនដល់មន្ត្រីការទូតរបស់កម្ពុជា។

ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា មួយឆ្នាំបានកន្លងផុតទៅសភាពការណ៍សាកលលោក នៅតែមានការប្រែប្រួលឆាប់រហ័ស ស្មុគ្រស្មាញ មិនច្បាស់លាស់ មិនអាចប៉ាន់ស្មានបាន ដែលបង្កឡើងដោយការប្រកួតប្រជែងដណ្តើមឧត្តមភាពគ្នារវាងមហាអំណាចនានា ទាំងនៅក្នុងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច និងយោធា។ ការប្រកួតប្រជែងនេះ បានធ្វើឲ្យមានការកើនឡើងនូវសម្ពាធនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច ទំាងនៅក្នុងតំបន់និងនៅក្នុងពិភពលោក ដែលជាប្រការរុញច្រាន និងបង្ខិតបង្ខំឲ្យមានការចង ឬសើរើសម្ព័ន្ធភាព ដើម្បីផលប្រយោជន៍រៀងៗខ្លួន។

ក្រសួងក៏បានកត់សំគាល់ដែរថា ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់មាហាអំណាចខ្លះ និងសម្ព័ន្ឋមិត្ត ក្រោមផ្លាកប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស បានរុញច្រានប្រទេសមួយចំនួនឲ្យធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម ធ្វើឲ្យប្រជាជនរងទុក្ខវេទនា ជាពិសេស នៅ ស៊ីរី យេមែន លីប៊ី អ៊ីរ៉ាក់ ។ល។ ហើយថ្មីៗនេះ កំពុងគំរាមកំហែងដល់សន្តិភាព សន្តិសុខ នៃប្រទេស វេណេហ្ស៊ុយអេឡា។ ជំលោះនៅតាមតំបន់នានា ជាពិសេសនៅអាហ្វ្រិក អាស៊ី និងមជ្ឈិមបូពា៍ នៅមិនទាន់រលត់ ឥណ្ឌានិងប៉ាគីស្ថាន ប៉ះទង្គិចគ្នា ដោយជម្លោះ កាស្មៀរ ឯបញ្ហាប៉ាឡេស្ទីន និងអ៊ីស្រាអែល នៅតែបន្តជាប់ផុងក្នុងជម្លោះជាតិសាសន៍ និងទឹកដីរកទីបញ្ចប់មិនឃើញ។

ទន្ទឹមនឹងនេះ ការដកខ្លួនចេញរបស់សហរដ្ឋអាមេរិក ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ សន្ធិសញ្ញាស្តីពីអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យម(INF) កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូអន្តរ-ប៉ាស៊ីហ្វិក(TPP) ជាពិសេស ការដកខ្លួនចេញរបស់សហរដ្ឋ-អាមេរិកពីអង្គការអន្តរជាតិសំខាន់ៗ ដូចជា ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អ.ស.ប(UNHRC) និងអង្គការយូណេស្កូ (UNESCO) ព្រមទាំងការគំរាមដកខ្លួនចេញពីអង្គការពាណិជ្ជកម្មពិភពលោក(WTO) បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់របៀបរបបអន្តរជាតិ និងប្រព័ន្ឋពហុភាគីនិយម ក៏ដូចជាកិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការរក្សាការពារ សន្តិភាព និង
សន្តិសុខ និងកិច្ចអភិវឌ្ឍ ក្នុងពិភពលោក។ ដោយឡែក ការអនុវត្តនយោបាយគាំពារនិយមរបស់សហរដ្ឋអាមេរិក បានបង្កឲ្យមានជម្លោះពាណិជ្ជកម្មយ៉ាងខ្លាំងក្លាជាមួយនឹងបណ្តាប្រទេសផ្សេងៗទៀត ជាពិសេសជាមួយនឹងចិន។

តំបន់អាស៊ី-ប៉ាស៊ីហ្វីកដែលមានការលូតលាស់សេដ្ឋកិច្ចដ៏ស្វាហាប់នោះ បានស្ថិតនៅចំកណ្តាលនៃការប្រកួតប្រជែងរបស់មហាអំណាចធំៗ ដែលតែងឡើងតាមការប្រជែងគ្នា រវាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន និងយុទ្ធសាស្រ្ត «ឥណ្ឌូ ប៉ាស៊ីហ្វិក» របស់អាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលី។ អាស៊ាន និងតំបន់ទន្លេមគង្គ ក៏ទទួលរងឥទ្ធិពល និងសម្ពាធពីការប្រកួតប្រជែងនេះដែរ ដែលនាំអោយប្រទេសសមាជិកអាស៊ានទាំងអស់ផ្តោតសារៈសំខាន់ ក្នុងការរក្សាមជ្ឈភាពរបស់សហគមខ្លួន។

ក្រៅពីការគំរាមកំហែងជាប្រពៃណី ពិភពលោកសព្វថ្ងៃ ក៏កំពុងប្រឈមនឹងការគំរាមកំហែងមិនប្រពៃណីធំៗ ដូចជាការប្រែប្រួលអាកាសធាតុ ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែត ឧក្រិដ្ឋកម្មឆ្លងដែន លំហូរជនភៀសខ្លួន និងភេរវកម្ម ជាដើម។ ការខិតខំប្រឹងប្រែងរួមរបស់សកលលោកក្នុងការទប់ស្កាត់ និងលុបបំបាត់គ្រោះគំរាមកំហែងអស់ទាំងនេះ គឺនៅមានកម្រិតដោយសារតែមានការខ្វែងគំនិតគ្នាផ្នែកនយោបាយ និងទំនាស់ផលប្រយោជន៍។

FN .Saray, [07.03.19 06:58]
ក្រសួងការបរទេស ក៏បានលើកឡើងដែរថា ទឹកដីមាតុភូមិកម្ពុជា ដែលស្ថិតនៅចំណុចយុទ្ធភូមិសាស្ត្ររបស់ប្រទេសមហាអំណាច មិនអាចគេចផុតពីការទទួលរងឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយរវាងមហាអំណាចទាំងនោះបានទេ។ ប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្ត នៅបន្តប្រើប្រាស់គ្រប់ល្បិចកលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា អនុវត្តស្តង់ដាពីរចំពោះការអនុវត្តលទ្ឋិប្រជាធិបតេយ្យ និងការគោរពសិទ្ឋិមនុស្ស សំដៅចាប់បង្ខំឲ្យកម្ពុជាដើរតាមគន្លងនយោបាយរបស់ខ្លួន។ ពួកគេ ធ្វើមិនដឹងមិនឮចំពោះសកម្មភាពរបស់ក្រុមអគតិមួយចំនួន នៅក្នុងការបំពក់ការស្អប់ខ្ពើម ញុះញង់ ប្រកាន់ពូជសាសន៍ បំពានគោលការណ៏លទ្ឋីប្រជាធិបតេយ្យ បំបែកបំបាក់សង្គមជាតិ អនុវត្តបដិវត្តពណ៌សំដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។

តែទោះជាយ៉ាងណាស្ថិតនៅចំពោះមុខសភាពការណ៍បែបនេះ ក្រោមការចង្អុលបង្ហាញប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងក្រោមការដឹកនាំផ្ទាល់របស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រកបដោយទស្សនវិស័យទូលំទូលាយ និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះផលប្រយោជន៍ជាតិ ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងនៅក្នុងក្រសួង ទាំងនៅបរទេស បានទទួលយកមេរៀន បទពិសោធន៍ និងធាតុចូលសំខាន់ៗនៃឆ្នាំ២០១៧ សម្រាប់ជាត្រីវិស័យក្នុងការកំណត់ទិសដៅអនុវត្តន៍ និងបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ខ្លួន៕