Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរាស្ត្រមណ្ឌលតាកែវ លោក ច័ន្ទ សារុន ស្នើឲ្យសមាគមអប់រំពុទ្ធសាសនាពិភពលោក ក្រុងហុងកុង ជួយបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ

06-03-2019 21:32

(តាកែវ)៖ លោក ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារចុះជួយស្រុកត្រាំកក់ បានជួបសំណេះសំណាល ផ្លាស់ប្តូរយោបល់ ក៏ដូចជាបទពិសោធន៏ជាមួយ ប្រធានសមាគមអប់រំពុទ្ធសាសនាពិភពលោក ក្រុងហុងកុង ប្រទេសចិន ព្រះតេជគុណ ស៊ី ជីឈីង នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ។

ពិធីនេះមានការចូលរួមពីសំណាក់អភិបាលស្រុក អភិបាលរងស្រុក មេឃុំទាំង១៥រូប ប្រធានការិយាល័យពាក់ព័ន្ធ ព្រមទាំងសមាជិកសមាគមជនជាតិចិន និងកូរ៉េ ជាច្រើនរូបទៀតផងដែរ។

ការជួបសំណេះសំណាល ផ្លាស់ប្តូរបទពិសោធន៏ រវាងរដ្ឋបាលស្រុកត្រាំកក់ និងសមាគមអប់រំពុទ្ធសាសនាពិភពលោកក្រុងហុងកុង ប្រទេសចិន ខាងលើនេះ គឺមានគោលដៅផ្តោតលើវិស័យសំខាន់ៗនានា ក្នុងការអភិវឌ្ឍស្រុកត្រាំកក់ឲ្យមានការរីកចម្រើនកាន់តែប្រសើរឡើងថែមទៀត។

លោក ច័ន្ទ សារុន បានស្នើឲ្យភាគីសមាគមអប់រំពុទ្ធសាសនាពិភពលោក ក្រុងហុងកុង ប្រទេសចិន ជួយបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងស្រុកត្រាំកក់ពាក់ព័ន្ធវិស័យនានា ជាពិសេសវិស័យកសិកម្ម ព្រោះថានៅក្នុងស្រុកត្រាំកក់កំពុងតែខ្វះខាតធនធានមនុស្ស ខណៈដែលប្រទេសចិន គឺជាប្រទេសដែលមានការជឿនលឿនលើគ្រប់វិស័យ ហើយថែមទាំងជាប្រទេសមយក្សសេដ្ឋកិច្ចផងដែរ។

ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណដល់ ប្រធានសាមាគមអប់រំពុទ្ធសាសនាពិភពលោក ក្រុងហុងកុង ប្រទេសចិន ព្រះតេជគុណ ស៊ី ជីឈីង រួមទាំងសមាជិកសមាគមសមាជិកសមាគមជនជាតិចិន និងកូរ៉េទាំងអស់ ដែលបានធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៏ក្នុងស្រុកត្រាំកក់ ហើយលោកសង្ឃឹមថាភាគីចិន កូរ៉េ នៅតែបន្តរផ្តល់បទពិសោធន៏ល្អៗបន្តរទៀត ដើម្បីឲ្យកម្ពុជាកាន់តែមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន៕