(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់អ្នកនិពន្ធទាំងអស់សូមពិនិត្យឱ្យបានហ្មត់ចត់ មិននឹងផលិតខ្សែភាពយន្តណាមួយ ពិសេសកុំឱ្យសាច់រឿងខុសទៅនឹងតថភាពជាក់ស្ដែង និងកុំឱ្យរូបភាពខុសទៅនឹងខ្លឹមសាររឿងឱ្យសោះ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២១ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នាល្ងាចថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានរិះគន់ទៅលើការនិពន្ធរឿងមួយ ដែលនិយាយពីស្រ្តីម្នាក់មានអាយុ ៤០ឆ្នាំ តែបែរជាមានកូនរហូតដល់ទៅ ២៥ឆ្នាំ។ សម្ដេចបន្តថា ការនិពន្ធនេះខ្វះចន្លោះត្រង់ថា បើតួអង្គស្ត្រីជាម្តាយមានអាយុ ៤០ឆ្នាំ ហើយមានកូនអាយុដល់ទៅ ២៥ឆ្នាំ មានន័យថា ស្ត្រីនោះបានរៀបការតាំងពីអាយុ ១៤ឆ្នាំ មកម្ល៉េះ ដែលខ្លឹមសារបែបនេះវាខុសទៅនឹងច្បាប់ ក៏ដូចជាប្រពៃណីខ្មែរផងដែរ។
ដោយសារឃើញនូវកំហុសយ៉ាងហើយ ទើបប្រមុខដឹកនាំរាជរដ្ឋាភិបាល បានស្នើឱ្យអ្នកនិពន្ធយកចិត្តទុកដាក់ជាអ្នកនិពន្ធម្នាក់ ព្រោះថារឿងខាងលើនោះវាឆ្លុះបញ្ចាំងពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ផង ហើយពាក់ព័ន្ធទៅនឹងប្រពៃណីផង ដូច្នេះសម្ដេចបានស្នើឱ្យមានការយកចិត្តទុកដាក់ ទៅលើការពង្រឹងសមត្ថភាពនៃអ្នកនិពន្ធរបស់កម្ពុជា។
លើសពីនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យមានការយកចិត្តទុកដាក់ក្នុងការផលិតខ្សែភាពយន្ត ពិសេសគឺអ្នកដឹកនាំរឿងតែម្ដង ដែលជាអ្នកត្រួតពិនិត្យដល់ទីកន្លែងថតផ្ទាល់ ធ្វើយ៉ាងណាសូមកុំឱ្យរូបភាពក្បត់នឹងខ្លឹមសាររឿង។
សម្តេចតេជោ ក៏ចង់ឃើញវិស័យភាពយន្តរបស់កម្ពុជា ដែលបានបាត់បង់ក្នុងរបបខ្មែរក្រហមនោះ ក្លាយទៅជាភាពយន្តដ៏ពេញនិយមរបស់ប្រជាជន ក្នុងដំណាក់កាលដឹកនាំរបស់សម្តេច។ មិនត្រឹមតែពេញនិយមត្រឹមប្រជាពលរដ្ឋកម្ពុជាទេ សម្តេចក៏ចង់ឃើញភាពយន្តខ្មែរក្លាយជាភាពយន្តពេញនិយម សម្រាប់ជាតិសាសន៍ដទៃផងដែរ៕