(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ បានថ្លែងបញ្ជាក់ថា សម្តេចសម្រេចសម្រួល និងអនុគ្រោះខាងផ្នែកពន្ធដារ សម្រាប់រយៈពេល៥ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ២០២៣ ដើម្បីជាការលើកទឹកចិត្ត និងលើកស្ទួយវិស័យសិល្បៈ និងការផលិតភាពយន្តខ្មែរ។
ការសម្រួល និងអនុគ្រោះពន្ធរយៈពេល៥ឆ្នាំទៅមុខទៀតដែលសម្តេចតេជោ ហ៊ុន សែន សម្រេចនោះរួមមាន៖ ១៖ អនុញ្ញាតឱ្យព្យួរទុកការអនុវត្តពន្ធកាត់ទុក១៥% លើសួយសារនៃទ្រព្យអរូបិយ (ការផ្តល់សិទ្ធិបញ្ចាំងខ្សែភាពយន្តផលិត ក្នុងស្រុក)។ ២៖ អនុញ្ញាតឱ្យព្យួរពន្ធលើប្រាក់ចំណូល ជូនក្រុមហ៊ុនផលិតកម្មភាពយន្តខ្មែរ និង៣៖ អនុញ្ញាតព្យួរទុកការអនុវត្តឤករពិសេសលើសេវាលំហែកំសាន្ត (១០%) ជូនដល់សិល្បៈសៀក នៃក្រុមហ្វាពន្លឺសិល្បៈខេត្តសៀមរាប។
សម្តេចបញ្ជាក់ទៀតថា ការសម្រេចអនុគ្រោះពន្ធនេះ សម្តេចតេជោទើបតែសម្រេចនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២១ និងស្រស់ស្រូបអាហាររួមគ្នាជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងសិល្បករ សិល្បការិនី នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសុំបញ្ជាក់ជូនអ្នកទាំងអស់គ្នានៅទីនេះថាហេតុអ្វី បានជាខ្ញុំមិនបន្តឲ្យមានការរួចពន្ធរហូតទៅដល់១០ឆ្នាំ? បញ្ហាស្ថិតនៅត្រង់ថា ខ្ញុំមានការគោរពចំពោះនីតិកាលរដ្ឋសភា ដោយសារតែមុខតំណែងរបស់ខ្ញុំ និងត្រូវបញ្ចប់នៅឆ្នាំ២០២៣ ដូច្នេះឆ្នាំ២០២៣ គឺជាឆ្នាំបោះឆ្នោត អីចឹងខ្ញុំយកការសម្រេចជំហ៊ានបឋម ដែលខ្ញុំទើបតែសម្រេចលើរឿងនេះ តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកសំណើនេះ ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាំងពីខែមីនា ឆ្នាំ២០១៨ ហើយម្សិលមិញឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានលើកយោបល់ឲ្យខ្ញុំ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមិនចង់ទទួលបាននូវពន្ធអាករធ្ងន់ហួសកម្រិត នៃវិស័យសិល្បៈរបស់យើងនោះទេ ប៉ុន្តែដោយសារតែអាណត្តិរបស់រាជរដ្ឋាភិបាល ត្រូវបញ្ចប់នៅឆ្នាំ២០២៣ ហើយនៅនោះបើសិនប្រជាពលរដ្ឋកម្ពុជា និយាយាជារួម និងនិយាយដោយឡែកសិល្បករ សិល្បការិនី របស់យើងបន្តការគាំទ្រសម្រាប់គណបក្សប្រជាជនកម្ពុជា បន្តការគាំទ្រសម្រាប់ខ្ញុំ ធ្វើនាយករដ្ឋមន្ត្រី មានន័យថាពេលណា ហ៊ុន សែន នៅវត្តមានជានាយករដ្ឋមន្ត្រី ពេលនោះពន្ធមិនត្រូវបានដាក់បន្ទុក លើសិល្បៈរបស់យើងនោះទេ។ អីចឹងក្រោយឆ្នាំ២០២៣ បើសិនជា ហ៊ុន សែន ជាប់ឆ្នោតច្បាស់ណាស់ថា ខ្ញុំនឹងបន្តរយៈពេលនោះទៅដល់ឆ្នាំ២០២៨ ប៉ុន្តែបើសិនអ្នកដទៃឈ្នះឆ្នោត ទុកឲ្យអ្នកដទៃគេសម្រេច ប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នា នឹងបន្តការគាំទ្រខ្ញុំបន្តទៀត»។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវក្តីរំពឹងថា សិល្បករ សិល្បការិនីកម្ពុជា និងបងប្អូនជនរួមជាតិទាំងនឹងនៅតែបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចបន្តធ្វើជានាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តទៀតដើម្បីអភិវឌ្ឍន៍វិស័យសិល្បៈកម្ពុជា និងវិស័យផ្សេងៗទៀត ឲ្យរីកចម្រើនជឿនលឿនខ្លាំងក្លាឡើងថែមទៀត៕