(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងទៅកាន់មន្ត្រីរាជការ អាជ្ញាធរ និងអ្នកចូលរួមប្រមាណ៣០០នាក់ ក្នុងសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩ របស់មន្ទីរសុខាភិបាលខេត្ត នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ នៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ថាគ្រឿងញៀន មិនមែនប៉ះពាល់ទៅដល់តែសាមីខ្លួននោះទេ គឺវាធ្វើឲ្យចង្រៃដល់គ្រួសារទាំងមូលតែម្ដង។
លោកអភិបាលខេត្ត ក៏បានគូសបញ្ជាក់ឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ ហើយលោកបានផ្ដាំផ្ញើដល់អ្នករួមទាំងអស់ និងជាគ្រូពេទ្យផងដែរ ត្រូវផ្សព្វផ្សាយ និងធ្វើឲ្យមានការជ្រល់ជ្រាបឲ្យបានច្រើនបំផុតនូវរាល់ផលប៉ះពាល់ ដែលបណ្ដាលមកពីគ្រឿងញៀន ព្រោះគ្រឿងញៀននេះ មិនមែនប៉ះពាល់ទៅដល់តែសាមីខ្លួននោះទេ គឺវាធ្វើឲ្យចង្រៃដល់គ្រួសារទាំងមូល ហើយបើបានប៉ះពាល់ និងរាយប៉ាយលឿន។
លោក ទៀ សីហា បានបង្ហាញក្ដីរំលឹកថា ប្រសិនបើមានការបង្ក្រាបនៅកន្លែងមួយហើយ អ្នកចែកចាយគ្រឿងញៀន នឹងបន្តចែកចាយទៅកន្លែងផ្សេងទៀត ដូច្នេះក្នុងខេត្តសៀមរាបធ្វើយ៉ាងណាកុំឲ្យមានបញ្ហាគ្រឿងញៀន ដែលទាំងអស់គ្នាត្រូវរួមគ្នា ចូលរួមផ្សព្វផ្សាយ អប់រំ ការពារ ទប់ស្កាត់ និងបង្ក្រាប ប្រកបដោយការទទួលខុសត្រូវ និងឲ្យមានប្រសិទ្ធិភាពខ្ពស់។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំនៅមន្ទីរ ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពទាំងអស់ ជួយបន្ថែមទៀតលើការពង្រឹងវិន័យការងារ ពិនិត្យពេលវេលាម៉ោងធ្វើការ វេនយាមឲ្យបានត្រឹមត្រូវ និងមានការទទួលខុសត្រូវ ចំពោះសុខមាលភាពជូនប្រជាជន ពិសេសគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈ និងលក្ខន្តិកៈមន្ត្រីរាជការ ហើយត្រូវបន្តសហការជាមួយដៃគូរ និងភ្នាក់ងារអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាសុខភាព ជូនប្រជាជនឲ្យបានកើនមួយកម្រិតទៀត៕