(កណ្ដាល)៖ ក្រោយ Fresh News ចេញផ្សាយនូវអត្ថបទមួយមានចំណងជើងថា «អ្នកឃុំអរិយក្សត្រផ្ទុះការតវ៉ា ខណៈមន្ត្រីអាជ្ញាធរចុះធ្វើប័ណ្ណកម្មសិទ្ធិដីលំនៅដ្ឋាន ជូនពួកគាត់ បែរជាឃុបឃិតគ្នាបន្លំឯកសារផ្ទេរកម្មសិទ្ធិដី របស់ពួកគាត់ជូនឧកញ៉ា ភឺន ផល្លា» រួចមក តំណាងក្រុមហ៊ុន ភឺន ផល្លា និងមន្ត្រីអាជ្ញាធរ បានចេញមុខមកបដិសេធថា តាមពិតការចោទប្រកាន់របស់ប្រជាពលរដ្ឋ មកលើមន្ត្រីអាជ្ញាធរ និងក្រុមហ៊ុនគឺជារឿងយល់ច្រឡំតែប៉ុណ្ណោះ ។
តំណាងក្រុមហ៊ុនបានអះអាងថា មុននឹងអាជ្ញាធរសំរេចស្នើសុំចេញប័ណ្ណកម្មសិទ្ធិដី ជូនប្រជាពលរដ្ឋដែលរស់នៅលើដីមាត់អូរខាងលើ ក្រុមហ៊ុនដែលទទួលបានការឯកភាពពីក្រសួងមហាផ្ទៃ ការឯកភាពពីសាលាខេត្តកណ្ដាលហើយ គឺក្រុមហ៊ុនជាមួយមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋផ្ទាល់បានបើកវេទិកាសាធារណៈប្រជុំសម្របសម្រួល រកដំណោះស្រាយជាមួយគ្នា៣លើក រហូតមានការឯកភាពគ្នាដោយគ្មានការបង្ខិតបង្ខំអ្វីឡើយ។
តំណាងក្រុមហ៊ុនបានអះអាងបន្តថា មូលហេតុដែលប្រជាពលរដ្ឋចោទថា មន្ត្រីអាជ្ញាធរបន្លំឯកសារផ្ទេរដីរបស់ពួកគាត់ អោយទៅក្រុមហ៊ុននោះគឺ ផ្ដើមចេញពីមានមនុស្សមួយចំនួន ដើរបំផុសថាអាជ្ញាធរនឹងកាត់ដី របស់ប្រជាពលរដ្ឋនៅផ្នែកខាងក្រោយដីរបស់ពួកគាត់ ប្រវែង១០ម៉ែត្រ ប្រគល់ទៅអោយក្រុមហ៊ុនថែមទៀត ទើបធ្វើអោយប្រជាពលរដ្ឋយល់ថា គាត់នឹងបាត់ដីខុសពីការឯកភាពគ្នានៅក្នុងវេទិកាសាធារណៈ ទើបពួកគាត់ផ្ទុះការតវ៉ាតែម្ដងទៅ តែតាមពិតមន្ត្រីអាជ្ញាធរ និងក្រុមហ៊ុនមិនមានគម្រោងកាត់ដី១០ម៉ែត្រនោះទេ គឺនៅតែអនុវត្តតាមកិច្ចព្រមព្រៀងដដែល គឺវាស់ដីជូនពួកគាត់គិតចាប់ពី អ័ក្សផ្លូវលេខ៣៨០ ប្រវែង៥០ម៉ែត្រដដែល ហើយដីនៅសល់ចាប់ពីកាត់៥០ម៉ែត្រ ចេញទើបជារបស់ក្រុមហ៊ុន ដោយក្រុមហ៊ុនធានាចំណាយចេញសោហ៊ុយ បង់ពន្ធធ្វើប័ណ្ណកម្មសិទ្ធិ និងធ្វើបណ្ដាញលូប្រើប្រាស់រួមជាសាធារណៈ នៅលើដីក្រុមហ៊ុន ដោយមិនអោយប៉ះពាល់ដី ប្រជាពលរដ្ឋនោះឡើយ។
ចំណែកការកាត់ដីចំណីផ្លូវជាតិលេខ៣៨០ ចំនួន១៥ម៉ែត្រ នោះ វាគ្រាន់តែនីតិវិធីច្បាប់ក្នុងការចេញប័ណ្ណកម្មសិទ្ធិប៉ុណ្ណោះ តាមពិតដីដែលកាត់១៥ម៉ែត្រ នៅមុខផ្ទះធ្វើជាចំណីផ្លូវនោះវានៅតែជាដី របស់ប្រជាពលរដ្ឋគ្រប់គ្រងដដែលទេ។
មន្ត្រីអាជ្ញាធរមួយរូបបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ករណីប្រជាពលរដ្ឋចោទអាជ្ញាធរបន្លំឯកសារផ្ទេរកម្មសិទ្ធិដីរបស់ពួកគាត់ ទៅអោយក្រុមហ៊ុន ភឺន ផល្លា គឺជាការយល់ច្រឡំ ដូចអ្វីដែលតំណាងក្រុមហ៊ុនអះអាងប្រាកដមែន ព្រោះមុនឈានដល់ការព្រមព្រៀងគ្នារវាងប្រជាពលរដ្ឋអាជ្ញាធរ និងក្រុមហ៊ុនគឺអាជ្ញាធរបានបើកវេទិកាសាធារណៈ ដោយមានប្រជាពលរដ្ឋដែលមានដី នៅតាមបណ្ដោយផ្លូវជាតិលេខ៣៨០ និងខាងក្រោយជាប់នឹងដីខ្ពបអូរទាំងអស់ ចូលរួមរហូតដល់ទៅ៣លើក មានតាំងពីមន្ត្រីថ្នាក់ឃុំស្រុក និងថ្នាក់ខេត្តចូលរួមហើយអ្វីដែលអាជ្ញាធរ ធ្វើគឺដើម្បីបំរើផលប្រយោជន៏ប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋដែលមានដី ផ្ទះរស់នៅខាងមុខជាប់ផ្លូវជាតិ និងខាងក្រោយជាប់ដីខ្ពបអូរខាងលើនេះ គឺអាជ្ញាធរមិនបានចេញប័ណ្ណកម្មសិទ្ធិអោយនោះទេ ព្រោះជាដីសាធារណៈតែក្រោយពី ក្រុមហ៊ុនស្នើសុំអភិវឌ្ឍលើដីខ្ពបអូរដែលជាខ្ពបអូរ មិនមែនជាប្រភពទឹកប្រើប្រាស់ប្រចាំថ្ងៃមក ទើបអាជ្ញាធរសំរេចស្នើសុំផ្ដល់ប័ណ្ណកម្មសិទ្ធិដីខាងលើ ជូនប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋ ក៏ទទួលបានផលចំណេញច្រើនដែរ ទី១ភាគច្រើនដីពួកគាត់មានជំរៅមិនដល់៥០ម៉ែត្រ ពីអ័ក្សផ្លូវ៣៨០ នោះទេ ខ្លះជាង១០ម៉ែត្រ ខ្លះជំរៅជាង២០ម៉ែត្រ ទៅជាង៣០ម៉ែត្រប៉ុណ្ណោះ តែពេលមានការព្រមព្រៀងគ្នាផ្ដល់ប័ណ្ណកម្មសិទ្ធិ និងដីនៅសល់ខាងក្រោយដីរបស់ប្រជាពលរដ្ឋ ដែលជាដីរបស់ក្រុមហ៊ុនធ្វើការអភិវឌ្ឍនោះ គឺជំរៅដីរបស់ប្រជាពលរដ្ឋឡើងរហូតដល់៥០ម៉ែត្រស្មើរៗគ្នាពីអ័ក្សផ្លូវ ៣៨០។
មន្ត្រីអាជ្ញាធរខាងលើបានបន្ថែមថា ការផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋ គឺដោយសារតែប្រជាពលរដ្ឋឮពាក្យចចាមអារ៉ាមថា ក្រុមហ៊ុននឹងកាត់យកដី១០ម៉ែត្រ នៅខាងក្រោយបន្ថែមទៀតខុសពីការព្រមព្រៀងគ្នា ទើបពួកគាត់នាំគ្នាតវ៉ា តាមពិតក្រុមហ៊ុនគ្មានគំនិតដូច្នេះទេ គឺក្រុមហ៊ុនធ្វើយ៉ាងណាអោយតែមានការស្រុះស្រួលគ្នា ប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីគឺចប់ហើយ។
សូមបញ្ជាក់ថា កាលពីចុងសប្ដាហ៏កន្លងទៅនេះ ការដែលប្រជាពលរដ្ឋនៅក្នុងភូមិអរិយក្សត្រ និងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល បាននាំគ្នាផ្ទុះការតវ៉ាដោយចោទអាជ្ញាធរថា ឃុបឃិតគ្នាបន្លំឯកសារផ្ទេរកម្មសិទ្ធិដី របស់ពួកគាត់ទៅអោយក្រុមហ៊ុន ភឺន ផល្លា មិនមែនជាការពិតនោះទេ៕