(ត្បូងឃ្មុំ)៖ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានប្រារព្វទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅមណ្ឌលសុខភាពតំបែរ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានសមាជិកគណ:កម្មាធិការសាខា ប្រធានកិត្តិយស អនុសាខាស្រុកតំបែរ និងសមាជិកសមាជិកាកាកបាទក្រហមចូលរួមយ៉ាងកុះករផង។
លោកស្រី ឡេង សុខា ប្រធានស្តីទីគណ:កម្មាធិការសាខាកាកបាទក្រហមខេត្ត បានថ្លែងថា ជារៀងរាល់ឆ្នាំសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ តែងតែបានរៀបចំប្រារព្វទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅតាមបណ្តាស្រុកនានាក្នុងខេត្ត ដែលឆ្នាំ២០១៨កន្លងទៅនេះ បានរៀបចំប្រារព្វទិវានេះ នៅឃុំរកាពប្រាំ ក្នុងស្រុកត្បូងឃ្មុំ ដើម្បីឆ្លើយតបទៅនឹងកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ។
នៅក្នុងឱកាសជួបសំណេះសំណាលបងប្អូនស្ត្រី ទាំង ១០០ នាក់ លោកស្រី ឡេង សុខា បានអញ្ជើញឡើងអានសារលិខិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានអនុសាសន៍សំខាន់ៗ៥ចំណុច សំរាប់បងប្អូនស្ត្រីទាំងឡាយ ត្រូវតែយកចិត្តទុកដាក់។
លោកស្រីបន្តថា អនុសាសន៍ទាំង៥ចំនុចនោះ រួមមាន : ស្ត្រីមានគភ៌ទាំងអស់ ត្រូវទៅពិនិត្យសុខភាពនិងពិគ្រោះយោបល់ជាមួយគ្រូពេទ្យ , ទៅសំរាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ , ទៅពិនិត្យសុខភាពទាំងម្តាយនិងកូននៅក្រោយពេលសម្រាល និងទទួលថ្នាំបង្ការជំងឺ ១១មុខ ,ការបំបៅទារកដោយទឹកដោះម្តាយ និងការយកទារកទៅមន្ទីរពេទ្យនៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជម្ងឺ ។
លោកស្រី ឡេង សុខា ក៍បានអំពាវនាវដល់មន្ត្រីរាជការ បុគ្គលិកសុខាភិបាល ចូលរួមគាំពារសង្គម របស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធិភាពខ្ពស់ ឈានទៅសម្រេចគោលដៅកាត់បន្ថយអត្រាស្លាប់របស់មាតា ទារក និងកុមារ តាមការកំណត់នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព នៅឆ្នាំ ២០៣០ ។
ក្នុងឳកាសនោះ លោកស្រី ឡេង សុខា បានចែកជូនដល់ស្ត្រី ទាំង១០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន កន្សែងពោះគោ១ , សារុង១ , ក្រម៉ារ១ ,ខោអាវក្មេង១កំប្លេ , ម្សៅកូនក្មេង១ដប , សាប៊ូ១ដុំ និងថវិកាមួយចំនួន៕