(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបធ្វើការងារជាមួយលោក OLIVIER LEFEBVRE អនុព័ន្ធសន្តិសុខបារាំង ប្រចាំទីក្រុងហាណូយ ទទួលបន្ទុកប្រទេសវៀតណាម កម្ពុជា ឡាវ។ កិច្ចជំនួបដ៏មានសារសំខាន់នេះ ធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មានថ្លែងក្នុងជំនួបទៅកាន់លោក OLIVIER LEFEBVRE ថា ការរីកចម្រើនរបស់ប្រទេសកម្ពុជា ក៏មានការចូលរួមកិច្ចសហប្រតិបត្តិការពីប្រទេសបារាំង រួមទាំងកិច្ចការរបស់នគរបាលផងដែរ។ បច្ចុប្បន្ននេះ នគរបាលជាតិកម្ពុជា ក៏បានបំពេញកិច្ចការយ៉ាងសកម្ម ក្នុងការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គមបានល្អប្រសើរ ជាពិសេសទប់ស្កាត់បាននូវអំពើភេរវកម្ម។
ប៉ុន្តែទោះបីជាយ៉ាងណាក៏កម្ពុជា នៅមានការប្រឈមមួយចំនួនដូចជា៖ ទី១៖បញ្ហាបទល្មើសទូទៅសម្រាប់ឆ្នាំ២០១៨កន្លងទៅនេះ មានការកើនឡើងក្នុងរង្វង់៥% ភាគច្រើនបទល្មើសមជ្ឈឹម ប៉ុន្តែលទ្ធផលបង្ក្រាបក៏មានកម្រិតខ្ពស់រហូតដល់ជិត៩០%។ សម្រាប់ឆ្នាំ២០១៨ កន្លងទៅនេះ បទឧក្រិដ្ឋមិនមានបញ្ហាចោទទេ ប៉ុន្តែមានការព្រួយបារម្ភចំពោះអំពើលួច ឆក់។
ទី២៖បញ្ហាគ្រឿងញៀនមិនទាន់ មានការថមថយនៅឡើយទេ ជាពិសេសបញ្ហាថ្មីនោះ គឺការកើនឡើង ក្នុងការនាំចូលគ្រឿងញៀន តាមផ្លូវអាកាសមកពីអាមេរិកកណ្តាល អាហ្វ្រិក អ៊ឺរុប និងការនាំចូលតាមកញ្ចប់បញ្ញើក្រសួងប្រៃសណីយ៍។ ទី៣៖បញ្ហាសណ្តាប់ធ្នាប់ និងចរាចរណ៍ កត្តាអាទិភាពចម្បងក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺការអប់រំច្បាប់ និងសុជីវធម៌ដល់អ្នកប្រើប្រាស់ផ្លូវថ្នល់, បញ្ជ្រៀបការអប់រំច្បាប់ចរាចរណ៍ ក្នុងកម្មវិធីសិក្សា, បញ្ជ្រៀបច្បាប់ចរាចរណ៍ នៅក្នុងសហគមន៍តាមរយៈគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព, រឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍, ពង្រឹងសមត្ថភាពបើកបរ, បង្កើនសមត្ថភាពនគរបាលចរាចរណ៍ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (ការពុះបែងចែកទ្រូងផ្លូវ)។
ក្នុងឱកាសនោះ លោក OLIVIER LEFEBVRE អនុព័ន្ធសន្តិសុខបារាំងប្រចាំទីក្រុងហាណូយ បានលើកឡើងអំពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់នៅខេត្តព្រះសីហនុ ហើយជាការឆ្លើយតប នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា រាជរដ្ឋាភិបាលមានគោលនយោបាយបើកទូលាយ សម្រាប់អ្នកវិនិយោគ និងអ្នកទេសចរបរទេសគ្រប់ជាតិសាសន៍។
កន្លងមកថ្វីត្បិតតែមានបញ្ហាកើតឡើងខ្លះៗ ក៏ប៉ុន្តែសមត្ថកិច្ចនៅតែគ្រប់គ្រងស្ថានការទាំងនោះបាន ហើយអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានបញ្ជូនកម្លាំងនគរបាលថ្នាក់ជាតិ ចុះទៅជួយពង្រឹងស្ថានការណ៍សន្តិសុខ ដើម្បីធានាសុវត្ថិភាព ជូនអ្នកវិនិយោគ និងភ្ញៀវទេសចរផងដែរ។
អគ្គស្នងការនគរបាលជាតិ ក៏បានវាយតម្លៃខ្ពស់ ក្នុងកិច្ចសហប្រតិបត្តការជាមួយបារាំងក្នុងកិច្ចការនគរបាល និងគាំទ្រឲ្យរឹតចំណងសាមគ្គីភាពបន្ថែមទៀត ដើម្បីឆ្លើយតបចំពោះស្ថានភាពទូទៅ និងថ្លែងអំណរគុណដល់ ភាគីបារាំងដែលបានជួយកន្លងមកដូចជា ការបណ្តុះបណ្តាលដែលក្នុងនោះក៏មានការបញ្ជូន ប្រតិភូទៅធ្វើដកពិសោធន៍ និងបានជួយផ្នែកសម្ភារបច្ចេកទេសខ្លះដល់ភាគីនគរបាលជាកម្ពុជាផងដែរ។
នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានស្នើឲ្យភាគីបារាំងជួយបណ្តុះបណ្តាល ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ក្រុមហ៊ុនកាស៊ីណូ ក្នុងនោះរួមមាន សន្តិសុខសណ្តាប់ធ្នាប់ ក្នុងការស៊ីណូ និងបច្ចេកទេសល្បែងដែលជារឿងថ្មី ដែលទាមទារឲ្យមានការពង្រឹងធនធានមនុស្ស ដែលអាចទទួលការបំប៉ន តាមរយៈពេលខ្លី ឬវែង។
ជាការឆ្លើយតប លោក OLIVIER LEFEBVRE បានស្វាគមន៍ជានិច្ចការចែករំលែកបទពិសោធន៍ និងជំនាញបច្ចេកទេសពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា ដែលបច្ចុប្បន្នកំពុងតែគ្របដណ្តប់លើជុំវិញពិភពលោក ជាពិសេស គឺប៉ែកអាស៊ី។
លោកបន្ថែមថា បារាំងក៏បានអញ្ជើញនគរបាលជាតិទៅសិក្សាជំនាញនៅប្រទេសបារាំងផងដែរ ហើយដោយសារតែបញ្ហានេះ ជាបញ្ហាសំខាន់ភាគីបារាំង ក៏នៅតែបន្តជួយតាមការស្នើសុំពីភាគីនគរបាលកម្ពុជា៕