(ជប៉ុន)៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារ New Otani Hakata នៃទីក្រុង Fukuoka ប្រទេសជប៉ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយនឹងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានរៀបចំសិក្ខាសាលាស្តីពីការ វិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់លោក Yuji Kumamaru អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងវិនិយោគិនជប៉ុនចំនួនប្រមាណ២៥០នាក់។
ទីក្រុង Fukuoka មានប្រជាជនប្រមាណ ១.៦លាននាក់ ជាទីក្រុងធំជាងគេនៃតំបន់ Kyushu ស្ថិតនៅភាគខាងលិចនៃប្រទេសជប៉ុន និងត្រូវបានចាត់ទុកថា ជាច្រកទ្វារនៃប្រទេសជប៉ុន ចូលទៅកាន់តំបន់អាស៊ី។
សិក្ខាសាលានេះ ក៏មានការចូលរួមធ្វើបទបង្ហាញពីប្រធានសមាគមមិត្តភាពកម្ពុជា-ជប៉ុនតំបន់ភាគខាងលិច, តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន, ប្រធានអង្គការ JETRO ប្រចាំកម្ពុជា, តំណាងក្រុមហ៊ុន World Bridge Co., Ltd, និងតំណាងក្រុមហ៊ុន Lyly Kameda Co., Ltd ដើម្បីចែករំលែកព័ត៌មានអំពីបរិយាកាស និងបទពិសោធន៍ជាក់ស្តែងនៃការវិនិយោគនៅកម្ពុជា។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជម្រាបជូនអង្គសិក្ខាសាលាថាការជ្រើសរើសយកទីក្រុង Fukuoka ដើម្បីរៀបចំសិក្ខាសាលាវិនិយោគ គឺដោយសារតែទីក្រុងនេះ មានវិនិយោគិនច្រើនដែលមានចំណាប់អារម្មណ៍ ក្នុងការវិនិយោគនៅតំបន់អាស៊ាន ជាពិសេសក្នុងវិស័យកែច្នៃម្ហូបអាហារ និងកសិ-ឧស្សាហកម្ម។
លោកបានជម្រាបអង្គសិក្ខាសាលាអំពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាគោលនយោបាយ និងវិធានការកែទម្រង់ថ្មីៗ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្រោមបាវចនាចំនួន២ និងអភិក្រមចំនួន៥របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាការលើកទឹកចិត្តវិនិយោគ ជាពិសេសក្នុងវិស័យកែច្នៃម្ហូបអាហារនិងកសិ-ឧស្សាហកម្ម ដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចដែល សម្តេចតេជោ តែងតែលើកឡើងពីការជំរុញទាក់ទាញការវិនិយោគ ក្នុងការកែច្នៃផលិតផលកសិកម្មដ៏សម្បូរបែបរបស់កម្ពុជា ដែលនឹងបង្កើតតម្លៃបន្ថែមក្នុងស្រុក។
លោកបានលើកឡើតទៀតថា ជាក់ស្តែងនៅក្នុងឱកាសនៃការចូលរួមក្នុងពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាតលើកទី៧» នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចតេជោបានផ្តល់អនុសាសន៍ណែនាំឱ្យយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសដើម្បីផ្គត់ផ្គង់ដល់ទេសចរ ដែលមានការកើនឡើងជាលំដាប់ ដោយអាចចាត់ទុកបានថាជាការនាំចេញនៅនឹងកន្លែង៕