(ភ្នំពេញ)៖ លោករដ្ឋលេខាធិការប្រចាំការ វង្សី វិស្សុត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរ វិស័យកសិកម្មសម្រាប់ប្រទេសកម្ពុជា ដំណាក់កាលទី១ ដែលផ្តល់ដោយសហគមន៍អឺរ៉ុប តាមរយៈមូលនិធិវិនិយោគអាស៊ី-អឺរ៉ុប (EU/Asian Investment Facility (AIF) ចំនួន១១.៥លានអឺរ៉ូ ត្រូវជាប្រមាណ១៣លាន ដុល្លារអាមេរិក ដែលគ្រប់គ្រងដោយ AFD សម្រាប់ធ្វើសហហិរញ្ញប្បទានរួមគ្នា ជាមួយឥណទានសម្បទានរបស់ AFD ដែលបានចុះហត្ថលេខាកាលពីវិច្ឆិកា ឆ្នាំ២០១៨ កន្លងមក។ ជារួមកម្មវិធីនេះ នឹងរួមចំណែកគាំទ្រ ដល់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យធនធានទឹក និងឧតុនិយម ឆ្នាំ២០១៨-២០២៣ របស់កម្ពុជា។
ពិធីចុះហត្ថលេខាទទួលជំនួយនេះ ក្នុងឱកាសដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ កម្រិតគោលនយោបាយលើកទី៣ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
ខាងភាគីរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងខាងភាគីបារាំង តំណាងដោយលោកស្រី Eva NGUYEN BINH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងដៃគូអភិវឌ្ឍន៍នានាផងដែរ។
កិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយនេះ គឺយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌ ហិរញ្ញប្បទានសហប្រតិបត្តិការ ជាមួយនឹងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) ហើយកិច្ចប្រជុំនេះ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនក្រាស់ក្រែល ដល់ទំនាក់ទំនងដ៏យូរអង្វែងប្រទេសភាគីទាំងពីរ ដែលបានគ្របដណ្តប់លើស្ទើរគ្រប់វិស័យ។ កិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី២ បានប្រព្រឹត្តទៅកាលពីឆ្នាំ២០១៨ កន្លងទៅ នៅទីក្រុងប៉ារីស។
លោករដ្ឋលេខាធិការប្រចាំការ វង្សី វិស្សុត បានថ្លែងថា កិច្ចប្រជុំពិយោគយោបល់កម្រិតគោលនយោបាយលើកទី៣នេះ គឺជាបង្គោលចរដ៏សំខាន់មួយទៀត នៅក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងកិច្ចអភិវឌ្ឍ ដ៏យូរលុងរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ហើយកិច្ចប្រជុំនេះ នឹងកំណត់នូវទិសដៅគោលនយោបាយ និងយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការ នៅបណ្តាឆ្នាំខាងមុខ ដើម្បីដោះស្រាយ និងបំពេញតម្រូវការ ខាងផ្នែកអភិវឌ្ឍន៍របស់កម្ពុជា ជាមួយនឹងធនធាននិងការគាំទ្រផ្តល់ដោយរដ្ឋាភិបាលបារាំង ក៏ដូចជាដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការអនុវត្តគម្រោងដែលមានស្រាប់។
លោកបានបន្តថា ការសម្រេចបានរបស់កម្ពុជា នូវការផ្លាស់ប្តូរដ៏ធំធេងនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាមធ្យម ៧,៧% ក្នុងមួយឆ្នាំ ប្រកបដោយ គុណភាព ក្នុងរយៈពេលពីរទសវត្សកន្លងមកនេះ គឺមិនអាចកាត់ផ្តាច់ពីតួនាទីដ៏សំខាន់ របស់បារំាងបានឡើយ ចាប់តាំងពីការកសាងសន្តិភាព រហូតដល់កិច្ចសហប្រតិបត្តិការទាំងផ្នែកសេដ្ឋកិច្ច បច្ចេកទេស និងហិញ្ញវត្ថុ ជាពិសេសការគាំទ្ររបស់បារាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជារហូតមក។
គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកទល់បច្ចុប្បន្ន, ភាគីមិត្តបារាំង បានផ្ដល់ហិរញ្ញប្បទានសរុបដល់កម្ពុជា ប្រមាណជាង៦៤១លានអឺរ៉ូ ក្នុងនោះឥណទានសម្បទាន ចំនួនប្រមាណ ២៩១.៥ លានអឺរ៉ូ, ឥណទានគ្មានការធានា ពីរដ្ឋចំនួនប្រមាណ១៦៧លានអឺរ៉ូ និងហិរញ្ញប្បទានឥតសំណង ចំនួនប្រមាណ១៨២.៥លានអឺរ៉ូ។
លោក វង្សី វិស្សុត បានមានប្រសាសន៍សំដែងនូវអំណរសាទរ ចំពោះគោលនយោបាយផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់បារាំង ដែលផ្តល់ការគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋានសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដើម្បីសម្រេច ចក្ខុវិស័យក្លាយខ្លួនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ កម្ពុជាសូមស្វាគមន៍ចំពោះការបង្កើនទំហំ នៃការផ្តល់ ODA របស់បារំង រហូតដល់ ០.៥៥ នៃ ផសស នៅឆ្នាំ២០២២ របស់លោកប្រធានាធិបតី ម៉ាក្រុង។
លោកបានស្នើសុំដល់ភាគីបារាំង ក្នុងការបន្តផ្តល់កម្ចីសម្បទានអនុគ្រោះដល់កម្ពុជាជាបន្តទៀត ទោះបីកម្ពុជាបានក្លាយខ្លួន ទៅជាប្រទេសចំណូលមធ្យមកម្រិតទាបទៅហើយក្តី និងស្នើភាគីបារាំងបង្កើនទំហំ នៃការផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំ ស្របទៅនឹងបរិការណ៍ នៃការអភិវឌ្ឍបច្ចុប្បន្នរបស់កម្ពុជា ក៏ដូចជាដើម្បីអនុវត្តគម្រោងធំៗមួយចំនួន ដែលមានបច្ច័យធំ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងស្នើសុំភាគីជួយលើការពង្រឹងភាព ប្រកួតប្រជែង និងប្រសិទ្ធភាពនៃសេដ្ឋកិច្ចកម្ពុជាផងដែរ។
នាឱកាសនោះដែរ លោកស្រី Eva NGUYEN BINH បានថ្លែងថា នៅក្នុងរយៈពេល ៥ឆ្នាំមកនេះ រដ្ឋាភិបាលបារាំង បានបង្កើននូវទំហំហិរញ្ញប្បទានអភិវឌ្ឍន៍ដល់កម្ពុជាគួរឲ្យកត់សម្គាល់ រហូតឡើងដល់កម្រិត ១០០ លានអឺរ៉ូក្នុងមួយឆ្នាំ។ លោកស្រីឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា បារាំងនឹងបន្តផ្តល់នូវហិរញ្ញប្បទានអភិវឌ្ឍន៍ដល់កម្ពុជាជាបន្តទៅទៀត ហើយលោកស្រីសង្ឃឹមថា កម្ពុជានឹងមានលទ្ធភាពស្រូបយក ហិរញ្ញប្បទានអភិវឌ្ឍន៍កាន់តែច្រើនថែមទៀត ពីគោលនយោបាយបង្កើនទំហំនៃការផ្តល់ ODA របស់បារំង រហូតដល់០.៥៥ នៃ ផសស នៅឆ្នាំ២០២២ របស់ប្រធានាធិបតី ម៉ាក្រុង។
ជាថ្មីម្តងទៀត លោករដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលបារាំង ដែលបានផ្តល់ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុម័ត ផ្តល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នានាដល់កម្ពុជា ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍនៅកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបែងចែកផ្លែផ្កានៃកំណើនប្រកប ដោយសមធម៌ដល់គ្រប់ស្រទាប់វណ្ណៈនៃប្រជាជន តាមរយៈការបន្តធានាសម្រេចឲ្យបាននូវចីរភាព នៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង៕