(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្ដរជាតិនារី ៨មីនា នៅ CKCC នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានផ្ដាំផ្ញើដល់មន្រ្តីរាជការ រួមទាំងវិស័យឯកជនទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់លើការងារបណ្តុះបណ្តាលជំនាញបន្ថែមដល់ស្ត្រី ព្រោះស្ត្រីក៏ជាកម្លាំងចលករដ៏ធំមួយ ក្នុងការជំរុញវិស័យទេសចរណ៍ឱ្យបន្តការរីកចម្រើនផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា កត្តាសុខសន្ដិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ធានានូវការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះរួមមានវិស័យទេសចរណ៍ផងដែរ។ ជាក់ស្ដែង វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាការនាំចេញនៅនឹងកន្លែង ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិរក្សបរិស្ថាន ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ប្រកបដោយប្រសិទ្ធភាព។
នៅឆ្នាំ២០១៨ កន្លងទៅ កម្ពុជាសម្រេចបានកំណើនក្នុងអត្រា ១០.៧% ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិជាង ៦.២លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៤,៣៥៦លានដុល្លារអាមេរិក ចាក់បញ្ជូលក្នុងសេដ្ឋកិច្ចជាតិ។ ស្រ្តីមានប្រមាណ ៦០% ដែលបាននិងកំពុងបម្រើការក្នុងឧស្សាហកម្មទេសចរណ៍។ ស្រ្តីមានវត្តមាននៅគ្រប់សេវាកម្មទេសចរណ៍ទាំងអស់ ហើយបានចូលរួមចំណែកយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»។
បើតាមលោក ថោង ខុន ឆ្នាំ២០១៩នេះ គឺជាដំណាក់កាលជាប្រវត្តិសាស្ត្រមួយ សម្រាប់ការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ដោយរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយជាតិស្តីពី សមភាពយេនឌ័រលើកដំបូង។ គោលនយោបាយនេះ នឹងក្លាយជាក្របខណ្ឌគោលនយោបាយដ៏សំខាន់ ដែលជាផែនទីចង្អុលទិសក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបញ្ជ្រាបយេនឌ័រទៅតាមវិស័យ និងស្ថាប័នដែលមានគោលដៅសំខាន់ចំនួន៣ រួមមាន៖
ទី១៖ ធ្វើស្ថាប័ននីយកម្ម (Institutionalisation) ក្របខណ្ឌផ្អែកលើលទ្ធផល (Result-Based Framework) ក្នុងការងារលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ដោយមានចំណុចដៅជាក់លាក់នៅតាមវិស័យនីមួយៗ។
ទី២៖ បង្កើនធនធានមនុស្ស ធនធានហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅតាមវិស័យ។
ទី៣៖ បង្កើតប្រព័ន្ធតាមដាន និងត្រួតពិនិត្យមួយដែលមានលក្ខណៈសង្គតិភាព និងផ្តល់គណនេយ្យភាពសារធារណៈដល់ស្ត្រី និងក្មេងស្រីនៅកម្ពុជា។
ដោយឡែក ក្រសួងទេសចរណ៍តែងតែគិតគូរដល់ការបញ្ជ្រាបយេនឌ័រ នៅគ្រប់ដំណើរការការងាររបស់ខ្លួន ដោយផ្តោតការយកចិត្តទុកដាក់ដល់មន្ត្រីរាជការជាស្ត្រី និងស្ត្រីបម្រើសេវាកម្មអាជីវកម្មឧស្សាហកម្មទេសចរណ៍ សមាគមទេសចរណ៍នានា និងព្យាយាមទប់ស្កាត់ផលប៉ះពាល់ជាអវិជ្ជមាន ដែលអាចបណ្តាលមកពីឧក្រិដ្ឋកម្មពេស្យាចារ ការជួញដូរមនុស្ស ការរំលោភផ្លូវភេទលើស្ត្រី និងកុមារ ការជួញដូរគ្រឿងញៀន ការជួញដូរកុមារ។ល។
លើសពីនេះ ដើម្បីសម្រេចបាននូវសមភាពយេនឌ័រ និងលើកកម្ពស់តួនាទីស្រ្តីក្នុងភាពជាអ្នកដឹកនាំ ក្រសួងបានខិតខំបង្កើនចំនួនមន្ត្រីរាជការជាស្ត្រី រួមទាំងមន្រ្តីជាស្ត្រីដែលមានសិទ្ធិសម្រេច ហើយបានជំរុញនិងលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅតាមគ្រប់កម្រិតទាំង ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កំណត់នូវការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ដែលជាកត្តាមួយចាំបាច់សម្រាប់អភិវឌ្ឍប្រទេសជាតិ ក្នុងការសម្រេចឱ្យបាននូវទិសដៅការងារសមធម៌ និងប្រសិទ្ធភាព។
ឆ្លៀតក្នុងឱកាសអបអសាទរទិវាអន្តរជាតិនារី ៨មីនានេះ លោករដ្ឋមន្ត្រី ថោង ខុន បានផ្តាំផ្ញើដល់មន្រ្តីរាជការ រួមទាំងវិស័យឯកជនទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់លើការងារបណ្តុះបណ្តាលជំនាញបន្ថែមទៀត ដើម្បីជួយស្ត្រីក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច និងបន្តលើកកម្ពស់សីលធម៌សង្គម សុជីវធម៌ និងរួមចំណែកក្នុងគោលនយោបាយ ភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព ដើម្បីរក្សាសុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម សាមគ្គីជាធ្លុងមួយ ព្រមទាំងរក្សាសេចក្តីថ្លៃថ្នូរ ដើម្បីឆ្ពោះទៅរកភាពសម្បូរសប្បាយ និងសុខដុមរមនាជារៀងរហូត ជាពិសេសបន្តជំរុញលើកទឹកចិត្តក្នុងការចងក្រងក្រុមនារីឯកជន នារីឆ្នើមក្នុងវិស័យទេសចរណ៍ ដើម្បីឱ្យពួកគេក្លាយទៅជានារីឆ្នើម ក្នុងក្របខណ្ឌតំបន់ក៏ដូចជាពិភពលោក៕