(ភ្នំពេញ)៖ លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិការអង្គការជនពិការកម្ពុជា បានលើកឡើងថា ផែនការមេអាស៊ាន ឆ្នាំ២០២៥ គឺដើម្បីបញ្ជ្រាប ពីសិទ្ធិជនមានពិការភាព ចូលទៅក្នុងគោលនយោបាយតំបន់ និងគាំទ្រសិទ្ធរបស់ជនមានពិការភាពនៅកម្ពុជា។ លោក ងិន សៅរ័ត្ន បានលើកឡើងថា ផែនការមេ អាស៊ាន ឆ្នាំ២០២៥ រួមមាន ការចូលទៅក្នុងគោលនយោបាយប្រចាំតំបន់ និងគាំទ្រសិទ្ធិរបស់ជនពិការ, ជំរុញភាគីពាក់ព័ន្ធទាំងអស់នៅក្នុងអាស៊ាន ក្នុងការផ្តល់សិទ្ធិអំណាចដល់ជនពិការជាដើម។
ការលើកឡើងរបស់ប្រធានអង្គការជនពិការកម្ពុជា បានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពី «ផែនការមេអាស៊ាន ឆ្នាំ២០២៥ និងអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩ នាភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩។ សិក្ខាសាលាខាងលើនេះ ក៏មានការចូលរួមពី លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងស្រ្តីមានពិការភាព មកពីស្ថាប័នអង្គការជាតិ និងអន្តរជាតិជាច្រើនរូបទៀតផងដែរ។
បន្ថែមពីលើនេះ លោក ងិន សៅរ័ត្ន បានលើកឡើងថា ផែនការមេអាស៊ាន ឆ្នាំ២០២៥ គឺអង្គការជនពិការកម្ពុជា បានចូលរួមកម្មវិធី សម្ពោធការដាក់អោយប្រើប្រាស់ជាផ្លូវការនូវ ផែនការមេអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ ការពីខែធ្នូ ឆ្នាំ២០១៨។
សរបញ្ជាក់ថា សិក្ខាសាលាអំពី ផែនការមេអាស៊ាន ឆ្នាំ២០២៥ គឺបានប្រារព្ធ២លើករួចទៅ លើកទី១ នៅថ្ងៃទី១៥ ខែកុម្ភៈ ដែលអង្គការបានធ្វើសិក្ខាសាលាផ្សព្វផ្សាយ ជាមួយអង្គការតំណាងជនពិការ និងលើកទី២ នៅថ្ងៃទី២២ ខែកុម្ភៈ ជាមួយក្រុមហ៊ុនឯកជន និងអ្នកសារព័តមាន ហើយថ្ងៃនេះជាលើទី៣។
គួរបញ្ជាក់ថា ផែនការមេអាស៊ាន ឆ្នាំ២០២៥ រៀបចំឡើងផ្អែកលើឯកសារដែលនិយាយអំពីសិទ្ធិមនុស្ស រួមទាំងសិទ្ធិ របស់ជនពិការ ដូចជា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ (CRPD) យុទ្ធសាស្ត្រទីក្រុងអ៊ុនឈាន់ និងផែនការនៅទីក្រុងប៉េកាំង ផែនការសកម្មភាពប្រចាំតំបន់របស់អាស៊ាន (វិស័យអាទិភាពកោះបាលី) សេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាពជាដើម៕