(ភ្នំពេញ)៖ មន្ដ្រីរាជការនារីប្រមាណ២៦០នាក់ ក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ បានជួបជុំគ្នាក្នុងពិធីសំណេះសំណាលអបអរសាទរ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី៨ មីនា ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងថា ប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» មានគោលបំណងបន្តអនុវត្តគោលនយោបាយ សមភាពយេនឌ័រ និងការគាំពារសង្គម ដែលជាចក្ខុវិស័យសម្រាប់កសាងប្រទេស ត្រូវបានច្របាច់បញ្ចូល ជាអាទិភាពរួម ក្នុងការសម្រេចបានកិច្ចអភិវឌ្ឍន៍ធនធានមនុស្ស ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ការលើកកម្ពស់យេនឌ័រ ការពង្រឹងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី និងការគាំពារសង្គម គឺពិតជាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និត។
ទាំងអស់នេះ បង្ហាញកាន់តែច្បាស់ពីការយកចិត្តទុកដាក់គាំពារ ថែរក្សាលើកទឹកចិត្ត និងផ្តល់តំលៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូននារី ដែលជាដៃគូមិនអាចខ្វះបានក្នុងដំណើរការ អភិវឌ្ឍជាតិមាតុភូមិគ្រប់សម័យកាល។
លោក ឃួង ស្រេង បានលើកទឹកចិត្តបងប្អូននារី ត្រូវតែយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹង និងសមត្ថភាពដើម្បីចូលរួមការងារជាមួយបុរសដោយស្មើភាព ខណៈបច្ចុប្បន្ននេះ ស្ត្រីនៅតែជាដៃគូមិនអាច ខ្វះបានជាមួយបុរស ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍជាតិ មាតុភូមិ ដែលបានស្តែងឡើង តាមរយៈសមត្ថភាពដឹកនាំ នៅតាមបណ្តាស្ថាប័ន ក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពរដ្ឋ និងឯកជន ជាពិសេសក្រុមប្រឹក្សាជាតិដើម្បីស្ត្រី និងកាកបាទក្រហមកម្ពុជា។
នារីជាមេផ្ទះ គឺបងប្អូនអាចដឹងកិច្ចការផ្ទះច្រើនជាងនរណាទាំងអស់ ទាំងរៀបចំផ្ទះ, រៀបចំម្ហូបអាហារសម្រាប់គ្រួសារកូន និងប្តីជាដើមសូម្បីរឿងសំរាម ក៏បងប្អូននារីចេះវិចខ្ចប់ និងទុកដាក់បានល្អដែរ ហើយនារីក៏ជាអ្នកម្តាយអប់រំកូនចៅតាមបែបអហិង្សាបានល្អជាងប្តីផងដែរ។
ជាមួយនឹងការជូនបាច់ផ្កា ដល់ថ្នាក់ដឹកនាំជានារី ដើម្បីសម្ដែងការគោរពស្រឡាញ់នោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានផ្តល់ការដូជាប្រាក់ ដល់បងប្អូននារីទាំង២៦០នាក់ ក្នុងម្នាក់ចំនួន៣០ម៉ឺនរៀលផងដែរ៕