(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកំលាំងគ្រប់ប្រភេទពីបណ្តាមន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត ក្រុង ស្រុក សិស្សានុសិស្សចូលរួមជាង៥០០នាក់នៅសាលាខេត្តបន្ទាយមានជ័យ។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក្នុងនាមរាជរដ្ឋាភិបាលបានថ្លែងសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញនានារដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៃខេត្តបន្ទាយមានជ័យទាំងមូល ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលធំៗលើគ្រប់វិស័យទូទាំងខេត្ត រួមចំណែកក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ រក្សាការពារបានយ៉ាងគត់មត់នូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធ្វើឱ្យប្រទេសយើងបន្តសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ រហូតដល់ ៧,៥% ក្នុងឆ្នាំ២០១៨កន្លងមក ដែលតាមរយៈកំណើនសេដ្ឋកិច្ចនេះបានបង្កលក្ខណៈសម្បត្តិ ដល់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រធ្លាក់ចុះនៅត្រឹម៩% និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្នជាបន្ថែមទៀត។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងណែនាំដល់រដ្ឋបាលគ្រប់ថ្នាក់ មន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តបន្ទាយមានជ័យទាំងមូល ត្រូវខិតខំរួមគ្នា សម្រេចឲ្យបាននូវកិច្ចការ សំខាន់ៗដូចខាងក្រោម៖
*ទី១៖ ត្រូវខិតខំរួមគ្នាបន្តថែរក្សាការពារនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងរក្សាឱ្យបានគត់មត់នូវអធិបតេយ្យភាពបូរណភាព ទឹកដីរបស់ជាតិ ដោយត្រូវរួមគ្នាតស៊ូប្រឆាំងដាច់ខាត រាល់សកម្មភាពពីជនអគតិខាងក្រៅ ដែលប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ជាតិយើងតាមគ្រប់រូបភាពដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ភាពចលាចល វឹកវរក្នុងសង្គម។
*ទី២៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងក្របខ័ណ្ឌខេត្តទាំងមូល ដោយត្រូវយកចិត្តទុកដាក់លើវិធានការសំខាន់ៗ មានការអនុវត្តគោលនយោបាយ “ភូមិ ឃុំមានសុវត្ថិភាព” ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទនៅទូទាំងខេត្ត ការផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងជួរមន្ត្រីរាជការ កងកម្លាំងដើម្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋក្នុងការអនុវត្តច្បាប់ ការអនុវត្តច្បាប់គ្រប់គ្រងជនអន្តោប្រវេសន៍ និងហត្ថពលករបរទេស ការលុបបំបាត់នូវប៉ុស្តិ៍ត្រួតពិនិត្យមិនស្របច្បាប់ និងត្រួតពិនិត្យឱ្យបានតឹងរឹង ចំពោះជញ្ជីងថ្លឹងទំនិញកសិផលប្រជាពលរដ្ឋដែលបំបាត់ភ្នែកគីឡូ និងការលើកកម្ពស់ការគ្រប់គ្រង ថែរក្សាការពារធនធានធម្មជាតិ ទ្រព្យសម្បត្តិសាធារណៈ។
*ទី៣៖ ត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងមូលដ្ឋានសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្ម ស្របតាមគោលនយោបាយគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាលជាធរមាន ដោយពង្រីកប្រព័ន្ធធារាសាស្រ្ត បណ្តាញស្រោចស្រពដំណាំ ការស្វែងរកទីផ្សារថ្មីៗ ដើម្បីជួយការពារតម្លៃកសិផល និងដំណាំផ្សេងៗ និងជំរុញការនាំចេញផលិតផលកសិកម្មរបស់ប្រជាពលរដ្ឋ។ឱ្យមានស្ថិរភាព និង របស់ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ ត្រូវខិតខំកៀរគរ និងលើកទឹកចិត្តដល់ការវិនិយោគអភិវឌ្ឍសហគ្រាសធុនតូច មធ្យម សម្រាប់បង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
*ទី៤៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវជំរុញឱ្យឈានចូលដំណាក់កាលកាន់តែស៊ីជម្រៅថែមទៀត ។ ក្នុងនោះការបណ្តុះបណ្តាលដល់គណៈអភិបាល និងមន្ត្រីរាជការពីសមត្ថភាពថ្មីៗ ពាក់ព័ន្ធនឹងការគ្រប់គ្រង និងការចាត់ចែងការងារប្រកបដោយប្រសិទ្ធភាពស្របតាម លក្ខន្តិកៈដោយឡែករបស់មន្ត្រីបុគ្គលិកនៃរដ្ឋបាលថ្នាក់ជាតិ ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។
*ទី៥៖ ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានត្រូវបន្តខិតខំលើកកម្ពស់ក្នុងការផ្តល់សេវាចាំបាច់នានា ដូចជា សេវាសុខាភិបាល អប់រំ សង្គមកិច្ច និងសេវាសាធារណៈដទៃទៀតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់មានតម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ សម្របសម្រួល និងពង្រឹងការផ្តល់សេវាតាមអង្គភាពច្រកចេញចូលតែមួយ ការិយាល័យច្រកចេញចូលតែមួយ នៅសាលាខេត្ត ខណ្ឌ ក្រុង ស្រុក ដើម្បីបង្កលក្ខណៈងាយស្រួល ឆាប់រហ័ស ទាន់ពេលវេលាជូនប្រជាពលរដ្ឋ។ រួមគ្នាដោះស្រាយសំណើ សំណូមពរបញ្ហាប្រឈមនានានៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកប្រកាន់បក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយនោះឡើយ។ ត្រូវចាំច្បាស់ថា អ្នករាជការ មិនមែនជាចៅហ្វាយប្រជាពលរដ្ឋទេ តែជាខ្ញុំបម្រើប្រជាពលរដ្ឋដ៏ស្មោះត្រង់ ដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំងប្រាំ គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់»។
*ទី៦៖ របៀបរបបការងារត្រូវពង្រឹងរបៀបរបបការងារ និងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ក្នុងនោះប្រធាន ក្រុមប្រឹក្សា និងអភិបាលខេត្ត ក្រុង ស្រុក ត្រូវធ្វើជាស្នូលក្នុងការពង្រឹងរបៀបរបបការងារផ្ទៃក្នុងក្រុមប្រឹក្សា និងគណៈអភិបាលរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន ហើយត្រូវលុបបំបាត់ដាច់ខាតនូវវប្បធម៌អន្តរាគមន៍ បក្ខពួកនិយម និងគ្រួសារនិយម។
*ទី៧៖ ពីគ្រោះរាំងស្ងួតរដ្ឋបាលខេត្តត្រូវដឹកនាំសម្របសម្រួលដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ពិនិត្យពីប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងសម្រាប់បង្កបង្កើនផលរដូវប្រាំង ដោយសន្សំសំចៃ និងផ្តល់អាទិភាពជាចម្បងសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ។ ទន្ទឹមនេះត្រូវត្រៀមលក្ខណៈអន្តរាគមន៍ដោះស្រាយទឹកជូនប្រជាជននៅមូលដ្ឋាន ដោយមិនទុកឱ្យប្រជាជនរងគ្រោះដោយសារការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃនោះឡើយ។ មន្ទីរអង្គភាពពាក់ព័ន្ធត្រូវសហការណែនាំ អប់រំប្រជាជនពីការថែរក្សាសុខភាព ការបង្ការជំងឺដង្កាត់ ជំងឺឆ្លងរាតត្បាតទាំងមនុស្ស និងសត្វចិញ្ចឹមតាមគ្រួសារ និងការបង្ការអគ្គីភ័យមកលើផ្ទះសម្បែង។
*ទី៨៖ អាជ្ញាធរខេត្ត និងសមត្ថក្ចិចគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំពង្រឹងចំណងទាក់ទងឱ្យបានល្អប្រសើរជាមួយប្រទេសថៃ ដើម្បីថែរក្សាសន្តិភាព និងអភិវឌ្ឍនៅតាមតំបន់ព្រំដែននៃប្រទេសយើងទាំងពីរ
*ទី៩៖ សូមខិតខំបំពេញការងារជម្រឿនប្រជាពលរដ្ឋឆ្នាំ២០១៩ឲ្យទទួលបានជោគជ័យ៕