(សៀមរាប)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានជំរុញឱ្យវិនិយោគិនសិង្ហបុរី មកវិនិយោគ និងមកទទួលទិញកសិផលពីប្រទេសកម្ពុជា ឱ្យកាន់តែច្រើន ក្រោយពីប្រទេសទាំងពីរ បានសម្រួល នៃការយកពន្ធត្រួតគ្នា។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសដែលសម្តេច អនុញ្ញាតឱ្យ លោក ចាន់ គឹមស៊ីង រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ប្រទេសសិង្ហបុរី ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។
ក្នុងជំនួបនោះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានលើកឡើងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីនាយករដ្ឋមន្ត្រីសិង្ហបុរី ជូនសម្តេចតេជោ ហើយក៏បានគោរពជម្រាបជូន សម្ដេសតេជោ អំពីទស្សនរបស់លោកផ្ទាល់ ពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្ម ព្រោះថា ការធ្វើពាណិជ្ជកម្ម គឺចាំបាច់ត្រូវធ្វើតាមរយៈផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ហើយជាពិសេសទៅទៀត ក្នុងយុគ្គសម័យនេះ គប្បីណាត្រូវយកចិត្តទុកដាក់ខ្លាំង តាមរយៈប្រព័ន្ធអេឡិចត្រូនិកតែម្ដង។ ឆ្លៀតក្នុងឱកាសដែលលោក ក៏បានគោរពអនុញ្ញាត សុំអនុសាសន៍ពីសម្ដេចតេជោ ពាក់ព័ន្ធជុំវិញករណីពាណិជ្ជកម្មនេះ។
ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងអំណរគុណ ចំពោះការផ្តាំផ្ញើសួរសុខទុក្ខ ពីថ្នាក់ដឹកនាំសិង្ហបុរី ហើយក៏បានជួបផ្ទាល់ ជាមួយលោក ចាន់ គឹមស៊ីង ដែរថា ក្នុងយុគ្គសម័យនេះ ការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក គឺមានសារៈសំខាន់បំផុត ទោះយ៉ាងណាក៏ដោយ គឺមិនអាចកាត់ផ្ដាច់បាន ពីការធ្វើពាណិជ្ជកម្មតាមផ្លូវគោក ផ្លូវអាកាស និងតាមផ្លូវទឹកផងដែរ ដោយធ្វើយ៉ាងណា ឱ្យមានការតភ្ជាប់គ្នា រវាងប្រព័ន្ធជំនួយ ដល់ការធ្វើពាណិជ្ជកម្មទាំងអស់នេះ។
សម្តេចតេជោ បានលើកទឹកចិត្ត និងថ្លែងអំណរគុណដល់លោក ចាន់ គឹមស៊ីង ដែលបានមកចូលរួម ក្នុងកិច្ចប្រជុំអាសិបនេះ ហើយក៏បានលើកទឹកចិត្ត សូមឱ្យធ្វើយ៉ាងណា ជំរុញកិច្ចប្រជុំ RCEP នេះ ឱ្យទទួលបានជោគជ័យ តាមដែលបានគ្រោងទុកកន្លងមក។
លើសពីនេះទៅទៀត សម្ដេចតេជោ ក៏បានមានប្រសាសន៍ផងដែរថា ជោគជ័យនៃកិច្ចប្រជុំនេះ នឹងអាចជួយជំរុញសេដ្ឋកិច្ចអាស៊ានយើងផងដែរ។ មួយទៀតពាក់ព័ន្ធនឹងជំនួបទ្វេភាគី សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងជូន លោក ចាន់ គឹមសេង ផងដែរថា នៅពេលនេះ កម្ពុជាទាំងពីរ បានធ្វើការសម្រួល នៃការយកពន្ធត្រួតគ្នា រវាងសិង្ហបុរីហើយ។ ក្នុងន័យនេះ គប្បីណាពិចារណា ជំរុញឱ្យសិង្ហបុរី មកវិនិយោគ និងមកទទួលទិញ នូវផលិតផលកសិផល ពីកម្ពុជាផងដែរ ព្រោះថា អ្វីៗប្រទេសយើងទាំង២ (កម្ពុជា-សិង្ហុបុរី) បានសម្រួលជាមួយគ្នារួចហើយ៕