(បន្ទាយមានជ័យ)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ សហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត ប្រមូលទំនិញចម្រុះ ជាង២០០គីឡូក្រាម ដុតកម្ទេចចោល នៅក្រុងប៉ោយប៉ែត។
លោក សាន វិជ្ជាសារ៉ាវុធ បានប្រាប់ឲ្យដឹងថា ទោះបីជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យមន្ត្រីកាំកុងត្រូលទូទាំងប្រទេស ដកចេញពីតាមបន្ទាត់ព្រំដែន តែយ៉ាងណាមិញរដ្ឋមន្ត្រីពាណិជ្ជកម្ម និងអគ្គកាំកុងត្រូល ឲ្យមន្ត្រីការត្រួតពិនិត្យការងារ ជាក់ស្តែងឲ្យខ្លាំងជាងមុន។
លោកប្រធានកាំកុងត្រូល បន្តថា ក្នុងរយៈពេល១ត្រីមាស (៣ខែ) នេះ មន្ត្រីជំនាញបានធ្វើការដកហូតទំនិញចម្រុះតាមទីផ្សារ តាមគេហដ្ឋាន តាមតូបនានា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានសរុបជាង២តោន។ ជាក់ស្តែងព្រឹកនេះ មន្ត្រីជំនាញធ្វើការប្រមូលទំនិញចម្រុះ ជាង២០០គីឡូក្រាម ដុតកម្ទេចចោល។
លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា ការប្រមូលទំនិញចម្រុះ ដុតកម្ទេចចោល រួមមាន៖ កម្ទេចមី ទឹកក្រូចដបតូចធំ កម្ទេចនំ មីកំប៉ុង ទឹកខ្មេះ (ទឹកអាស៊ីត) ទឹកដោះគោ ទឹកសណ្តែក៕